ព័ត៌មានជាតិ

ឃុំខ្លួនមនុស្សប្រុស-ស្រី២នាក់ ពាក់ព័ន្ធនឹងការ រក្សាទុក និង ជួញដូរគ្រឿងញៀន

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទប្រស-ស្រី ចំនួន ២នាក់ នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន  ដើម្បីរង់ចាំធ្វើសវនាការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ចំនួន ៣៥កញ្ចប់ ប្រព្រឹត្តនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា ជនត្រូវចោទ២នាក់មាន ឈ្មោះ ព្រាប សុផល ភេទប្រុស អាយុ ៣៨ ឆ្នាំ មាន មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ និង ម្នាក់ទៀត មានឈ្មោះ ហៀង ផល្លា ភេទស្រី អាយុ ៤០ ឆ្នាំ  មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

ជនត្រូវចោទទាំង២នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន និង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២២ នៅលើដងផ្លូវ ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចនគរបាលរឹបអូសបាន គ្រឿងញៀន ប្រភេទមេតំហ្វេតាមីនចំនួន ៣៥ កញ្ចប់មាន ទម្ងន់ ១២.១៤ ក្រាម,   ឧបករណ៍ប្រើប្រាស់ និង សម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន៤គ្រឿង៕ ដោយ: លីហ្សា

To Top