តូក្យូ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ថា អ្នកការទូតកំពូល របស់ក្រុងវ៉ាស៊ីនតោន បានកោតសរសើរ ចំពោះអតីតនាយករដ្ឋមន្ត្រី ស៊ិនហ្ស៊ូ អាបេ ( Shinzo Abe) ដែលត្រូវបានគេធ្វើឃាត ថាជា “បុគ្គលមានចក្ខុវិស័យ” ខណៈដែលគាត់បានចូលរួមរំលែកទុក្ខ កាលពីថ្ងៃចន្ទ នៅទីក្រុងតូក្យូ ជាកន្លែងដែលក្រុមគ្រួសារ នឹងមានការភ្ញាក់រលឹក ចំពោះអ្នកនយោបាយ ដែលត្រូវបានគេបាញ់សម្លាប់នោះ ។
ទន្ទឹមនឹងនោះ សម្ព័ន្ធដែលកំពុងកាន់អំណាច របស់ប្រទេសជប៉ុន បានប្រកាសជ័យជម្នះ នៅក្នុងការបោះឆ្នោតដ៏ក្រៀមក្រំមួយ ដែលបានធ្វើឡើង កាលពីថ្ងៃអាទិត្យ ត្រឹមតែ២ថ្ងៃ បន្ទាប់ពីលោក Abe ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ នៅពេលកំពុងធ្វើយុទ្ធនាការ ។
រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken បានធ្វើដំណើរទៅប្រទេសជប៉ុន ដែលមិនបានគ្រោងទុកកាលពីមុន ពេលកំពុងបំពេញ ទស្សនកិច្ចនៅអាស៊ី ហើយបានថ្លែងថា គាត់នៅទីនោះ ដោយសារតែ “យើងជាមិត្ត ហើយនៅគ្រាដែលមិត្តម្នាក់ឈឺចាប់ មិត្តម្នាក់ទៀតក៏បង្ហាញវត្តមាន” ។
លោកបានថ្លែងទៀតថា លោកអាបេ “បានធ្វើច្រើនជាងនរណាម្នាក់ ដើម្បីលើកកម្ពស់ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងជប៉ុនដល់កម្រិតថ្មី” បន្ទាប់ពីបានជួបជាមួយ នាយករដ្ឋមន្ត្រី Fumio Kishida។
លោកបានមានប្រសាសន៍ថា “យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីជួយមិត្តរបស់យើងឱ្យផុតបន្ទុក នៃការបាត់បង់នេះ” ដោយហៅលោក Abe ថា “បុរសដែលមានចក្ខុវិស័យ ដែលមានសមត្ថភាព ក្នុងការដឹងពីចក្ខុវិស័យនោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា