ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា គោរពវិញ្ញាណក្ខន្ធ និងសរសេរសាររំលែកទុក្ខ ចំពោះមរណភាព លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅទូតជប៉ុន។

លោក អាបេ ស៊ិនហ្សូ បានទទួលមរណភាព នៅម៉ោងប្រមាណជា៣រសៀល (ម៉ោងនៅជប៉ុន) បន្ទាប់ពីបានរងការវាយប្រហារ និងហូរឈាម ពីខ្មាន់កាំភ្លើងចំទ្រូង ក្នុងពេលថ្លែងសុន្ទករថា ក្នុងព្រឹត្តិការណ៍យុទ្ធនាការ រកសំឡេងឆ្នោតព្រឹទ្ធសភា ក្នុងតំបន់ Nara ខេត្ត Nara នៅម៉ោង១១និង៣០នាទីព្រឹក ។
ក្រោយមរណភាព របស់អតីតនាយករដ្ឋមន្រ្តីជប៉ុនភ្លាមៗ ធ្វើឲ្យប្រទេសនានាក្នុងពិភពលោក រួមទាំង កម្ពុជាផងដែរនោះ មានក្តីរន្ធត់ជាខ្លាំង ។

ក្នុងនាមទូតជប៉ុនប្រចាំកម្ពុជា សា្ថនទូតជប៉ុននៅភ្នំពេញ និងការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប នឹងបើកទទួលសាធារណជន ចូលរួមសរសេរសាររំលែកទុក្ខ ចំពោះមរណភាព របស់អតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ។ ក្នុងនោះ សា្ថនទូតជប៉ុននៅភ្នំពេញ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា រហូតដល់ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា (ចាប់ពីម៉ោង១០ព្រឹក-ថ្ងៃត្រង់ និងចាប់ពីម៉ោង២-៤ល្ងាច) ។

ចំណែក ការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប ធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា រហូតដល់ថ្ងៃ ទី១២ ខែកក្កដា (ចាប់ពីម៉ោង១០ព្រឹក-ថ្ងៃត្រង់ និងចាប់ពីម៉ោង២-៤ល្ងាច) ៕
