ព័ត៌មានជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធឆ្លងសាលាពុទ្ធិក អនុវិទ្យាល័យ សម្តេចព្រះធម្មលិខិត លាស់ ទ្បាយ សន្សំកុសល

ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួម ក្នុងពិធីសម្ពោធឆ្លង សាលាពុទ្ធិក អនុវិទ្យាល័យ សម្តេចព្រះធម្មលិខិត លាស់ ទ្បាយ សន្សំកុសល ស្ថិតនៅក្នុងបរិវេណ វត្តសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។

លោកបណ្ឌិត សូមអបអរសាទរ និងអនុមោទនាត្រេកអរ ចំពោះការសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារពុទ្ធិក អនុវិទ្យាល័យសម្តេច ព្រះធម្មលិខិត លាស់ ឡាយ ដែលបម្រើឱ្យតម្រូវការ ការងារជាក់ស្តែង ប្រចាំថ្ងៃ របស់សាលា និងការសិក្សា របស់សមណសិស្ស និងសិស្សានុសិស្ស ក្នុងបុព្វហេតុ នៃការបណ្តុះបណ្តាល ធនធានមនុស្ស ឱ្យក្លាយជាបណ្ឌិតបញ្ញាវ័ន្ត ដែលជាមូលធនមនុស្ស ដ៏ចាំបាច់សម្រាប់ដំណើរ ការកសាងអភិវឌ្ឍសង្គមជាតិ ។ សមិទ្ធផល ដែលលេចចេញជារូបរាងនាពេលនេះ គឺបានមកពីការផ្តួចផ្តើម តាមព្រះរាជបណ្តាំ របស់សម្តេចព្រះធម្មលិខិត លាស់ ឡាយ កាលព្រះអង្គ នៅមានព្រះជន្ម ។ ព្រះអង្គមានព្រះបំណងចង់ កសាងអគារពុទ្ធិកអនុវិទ្យាល័យថ្មីមួយ ដើម្បីបម្រើជាឧត្តមប្រយោជន៍ ដល់ជាតិ និងសាសនា ។
សូមយកឱកាសនេះ សម្តែងនូវការរលឹកនឹកគុណ និងឧទ្ទិសបុណ្យកុសល ជូនដល់វិញ្ញាណក្ខន្ធ របស់សម្តេចព្រះធម្មលិខិត លាស់ ទ្បាយ ដែលបាន ខិតខំជួយកសាង សមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងវត្តសន្សំកុសលនេះ សម្រាប់បន្សល់ទុក ជាកេរដំណែល ដល់អ្នកជំនាន់ក្រោយ ក្នុងការគោរព ប្រតិបត្តិជំនឿសាសនា និងក្រេបជញ្ជក់ចំណេះវិជ្ជា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

លោក ម៉ាណែត សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅប្រគេន និងជូនព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ដែលបានដឹកនាំ និងជ្រោមជ្រែង ដល់ការកសាងសមិទ្ធផលថ្មីទាំងនេះ ព្រមជាមួយនឹងការចូលរួម ចំណែករបស់សប្បុរសជន និងប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ ជិតឆ្ងាយ ដែលស្តែងឱ្យឃើញ អំពីការរួមចំណែក មិនអាចខ្វះបានជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ និងលើកស្ទួយ វិស័យពុទ្ធិកសិក្សា នៅកម្ពុជាឱ្យបានរីកចម្រើន លូតលាស់តទៅមុខទៀត ។ ការចូលរួមនេះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការកសាងផ្នែករឹង គឺហេដ្ឋារចនាសម្ព័ន្ធសំណង់អាគារ ដែលបម្រើដល់ផ្នែកទន់ គឺការផ្តល់នូវចំណេះដឹង រួមទាំងការអប់រំសីលធម៌ និងគុណធម៌។

លោកបន្ថែមថា ការរស់នៅប្រកបធម៌ វិន័យ ស្មារតីគោរពគ្នាទៅវិញទៅមក និងការគោរពច្បាប់ ដោយមិនបំពានសិទ្ធិអ្នកដទៃ អាចនាំឱ្យមនុស្ស ទទួលបាននូវសង្គមមួយ ដែលសមប្រកបដោយសន្តិភាព សុវត្ថិភាព សុភមង្គល និង ការរីកចម្រើនជឿនលឿន។ មូលដ្ឋានសីលធម៌ របស់មនុស្សជាតិ ត្រូវមាននៅក្នុងការអប់រំ តាំងពីវ័យក្មេង រហូតដល់ធំ ហើយមូលដ្ឋាននេះ គឺជាកត្តាចាំបាច់ចូលរួមចំណែក ដល់ការរក្សាការពារ ស្ថិភាព សន្តិសុខ និងភាពសុខដុមរមនាក្នុងសង្គម ។ ជាមួយគ្នានេះ មានតួអង្គ ០៣ សំខាន់ ដែលដើរតួនាទីក្នុងការអប់រំ បណ្តុះបណ្តាលដល់ទំពាំងស្នង ប្ញស្សី គឺទី១. លោកគ្រូអ្នកគ្រូដែលបានផ្តល់ចំណេះដឹង នៅក្នុងសាលារៀន និងទី២. ឪពុកម្តាយតាយាយសាច់ញាតិ បងប្អូនដែលបន្តអប់រំប្រៀនប្រដៅនៅផ្ទះ ហើយទី៣. គឺកត្តាបរិយាកាសសង្គមបរិស្ថានជុំវិញ ដែលត្រូវមានលក្ខណៈអំណោយផលដល់ការក្រេបជញ្ជក់ នូវបទពិសោធន៍ និងចំណេះធ្វើជាក់ស្តែង។

លោកបណ្ឌិត រំលេចថា សម្តេចតេជោ នាយករដ្ឋមន្ត្រី មានគោលដៅ និងមានមហិច្ឆិតាចង់ ឱ្យកម្ពុជាក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និង ជាប្រទេស មានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ។ ក្នុងគោលដៅនេះ សម្តេចបានខិតខំប្រឹងប្រែង គ្រប់បែបយ៉ាង ដើម្បីទាក់ទាញ វិនិយោគទុន ទាំងក្នុង និងក្រៅប្រទេស សំដៅបង្កើន វឌ្ឍនភាព សេដ្ឋកិច្ច ហើយអ្វីដែលសំខាន់ជាងនេះ គឺការការពារអាយុជីវិត ប្រជាពលរដ្ឋកុំឱ្យរងគ្រោះ ដោយសារសង្គ្រាម បែកបាក់ និងការស្លាប់ ដោយសារជំងឺកូវីដ-១៩ ជាដើម ពីព្រោះកត្តាទាំងនេះ អាចនឹងមានផលប៉ះពាល់អូស បន្លាយរយៈពេលវែងដល់ដំណើរ ការនៃការអភិវឌ្ឍជាតិ។

លោក ម៉ាណែត រំលឹកផងដែរថា អភិក្រមទាំង៥ (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់) មិនមែនកើតចេញ ដោយចៃដន្យនោះទេ ប៉ុន្តែនេះគឺជាចក្ខុវិស័យ របស់គណបក្សប្រជាជនកម្ពុជា ដែលតែងធ្វើការស្វ័យវាយតម្លៃ ចំណុចខ្វះខាត របស់ខ្លួនឯង ជាប់ជាប្រចាំ ។ ឈរលើមូលដ្ឋាន នៃការដឹកនាំ និងការតាក់តែង គោលនយោបាយ ដោយផ្សារភ្ជាប់ទៅនឹងការ ស្វ័យវាយតម្លៃខ្លួនឯងនេះហើយ ដែលជាកត្តានាំឱ្យមានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ យ៉ាងលើសលប់នៅទូទាំងប្រទេស ។ ក្នុងន័យនេះ គណបក្សតែង បានខិតខំកែប្រែចំណុចខ្វះខាត និងពង្រឹងបន្ថែម ចំណុចខ្លាំងឱ្យ បានទាន់ពេលវេលា និងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានការគាំទ្រ បន្តទៅមុខទៀត និង បន្តជោគជ័យ សម្រាប់ការបោះឆ្នោត នៅឆ្នាំ២០២៣ ខាងមុខ ព្រមទាំងផ្តល់ឱកាសជូន សម្តេចតេជោ បន្តដឹកនាំដោយការតម្កល់ផល ប្រយោជន៍ ជាតិជាធំ និងបន្តបម្រើប្រជាពលរដ្ឋ ឱ្យបានសេចក្តីសុខ សុភមង្គល និងការអភិវឌ្ឍ កាន់តែរីកចម្រើនជឿនលឿន ៕

To Top