ព័ត៌មានជាតិ

ក្រសួងធនធានទឹក អំពាវនាវឲ្យប្រយ័ត្ន ខណៈកម្ពុជា នឹងបន្តមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣-១៩កក្កដាខាងមុខ កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដូច្នេះប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបានឲ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខ កម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ គឺចាប់ពីថ្ងៃ១៣-១៤កក្កដា ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្ម នៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅខ្លាំង ហើយចាប់ពីថ្ងៃ១៥-១៩ កក្កដា ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងក្នុងកម្រិតពីខ្សោយទៅមធ្យម ។

ក្រសួងធនធានទឹកបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥ អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែក តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣២-៣៤អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្ហូរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ដោយឡែក តំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមាពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣១-៣៣អង្សាសេ។ ថ្ងៃទី១៣-១៤ កក្កដា នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន ដែលអាចបង្កជាជំនន់ទឹកភ្លៀងនៅផ្នែកខ្លះ ក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ ។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ហើយពីថ្ងៃ១៥-១៩ កក្កដា នឹងអាចមានភ្លៀងពីតិចទៅមធ្យម ៕

To Top