ភ្នំពេញ ៖ ក្រសួងសុខាភិបាល ព្រមានពីការឆ្លងជំងឺកូវីដសារឡើងវិញ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងការពារជាពិសេសពពួកមេរោកបម្លែងថ្មីប្រភេទBA.4 និងBA.5 ដែលកំពុងមានវត្តមាននៅកម្ពុជា ក៏ដូចជាក្នុងតំបន់ ។ ប្រភេទBA.4 និងBA.5 ត្រូវបានរកឃើញថា មានការឆ្លងលឿនរហ័សជាងជំងឺកូវីដមុនៗ។
យោងតាមសេចក្ដីក្រើនរំលឹករបស់ក្រសួង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានលើកឡើងថា ករណីអ្នកជំងឺកូវីដ ត្រូវបានរកឃើញជារៀងរាល់ថ្ងៃនោះ បង្ហាញពីស្ថានភាពឆ្លងនៅកម្ពុជាមានការកើតសារឡើងវិញ ចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដោយមានអ្នកវិជ្ជមានវីរុសកូវីដ ត្រូវបានរកឃើញ នៅលើអ្នកដំណើរមកពីក្រៅប្រទេសចូលកម្ពុជា អ្នកនៅក្នុងសហគមន៍ និងអ្នកធ្វើតេស្តសម្រាប់ធ្វើវិញ្ញាបនបត្រក្នុងការធ្វើដំណើរ ចេញទៅក្រៅប្រទេសមួយចំនួន។
ក្រសួងគូសបញ្ជាក់ថា «ការចរាចរនៃពពួកអូមីក្រុងបម្លែងថ្មី BA.4 និង BA.5 ដែលមានសមត្ថភាពឆ្លងលឿន ជាងពពួកអូមីក្រុងមុនៗ (ដូចជា BA1 និង BA.2 ជាដើម) នាំឲ្យមានកំណើនឡើងនូវចំនួនករណីឆ្លងទាំងក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅលើសកលលោក ហើយពពួកបម្លែងថ្មីនេះ ក៏មានលទ្ធភាពអាចបញ្ជ្រៀតចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សបានងាយស្រួលជាងមុនដែលធ្វើឲ្យភាពស៊ាំ របស់បុគ្គលឆាប់ធ្លាក់ចុះលឿនជាងមុន» ។
ក្រសួងសុខាភិបាលលើកឡើងថា ចំពោះអ្នកជំងឺឆ្លងអូមីក្រុងបម្លែងថ្មី BA.4 និង BA.5 នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពីប្រភេទវីរុសកូវីដ-១៩ ជំនាន់មុនៗនោះទេ។ រោគសញ្ញា មានដូចជា ក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ មានភាពស្រដៀង ទៅនឹងជំងឺផ្តាសាយធម្មតា។
ដើម្បីបញ្ចៀសការរីករាលដាលការឆ្លងវីរុសកូវីដដ៏ធ្ងន់ធ្ងរទៅក្នុងសហគមន៍ ទៅក្នុងគ្រួសារ និងស្ថាប័ននានាដែលអាចកើតមានជាយថាហេតុ ពលរដ្ឋទាំងអស់ (ទាំងកម្ពុជា និងជនបរទេសរស់នៅកម្ពុជា ត្រូវនាំគ្នាបន្តអនុវត្តវិធានការ “៣ការពារ និង៣កុំ” ព្រមទាំងទៅចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជម្រុញ (ដូសទី៣ ទី៤ និងទី៥) ជាចាំបាច់ដែលមានគម្លាតពីដូសមួយទៅដូសមួយទៀត មានរយៈពេលពី ៣ខែឡើងទៅ ៕