ព័ត៌មានជាតិ

លោក សុន ឆ័យ ៖ បើខ្ញុំនិយាយទៅកាន់ គ.ជ.ប មិនពិត ខ្ញុំនឹងសុំទោស តែចង់ដឹងមិនពិតត្រង់ណា

ភ្នំពេញ ៖ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានអះអាងថា បើសិនពាក្យ ដែលលោកនិយាយចោទប្រកាន់ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត(គ.ជ.ប) ជាពាក្យមិនពិត លោកនឹងសុំទោស ប៉ុន្តែចង់ដឹងថា មិនពិតត្រង់ចំណុចណា ។

លោក សុន ឆ័យ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចេញពីបន្ទប់សវនាការ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ថា តុលាការមិនទាន់សម្រេច បែបណានោះទេ។ លោកបញ្ជាក់ថា «ដំបូងនេះ គេ(តុលាការ)ទើបសួរនាំទេ គេមិនទាន់សន្និដ្ឋានទេ គ្រាន់តែសួរតែបើយ៉ាងណាដើមបណ្តឹង អាចទម្លាក់ចោលការចោទប្រកាន់ តែយើងមិនដឹងដែរ»។

ចំពោះករណីគ.ជ.បឲ្យលោកសុំទោស ត្រូវបានលោក សុន ឆ័យ និយាយយ៉ាងដូច្នេះថា «ខ្ញុំសុំទោសទាល់តែខ្ញុំនិយាយមិនពិត ដែលធម្មតាទេសម្រាប់មនុស្សនិយាយផ្តេសផ្តាស់តែងតែទទួលកំហុស និងសុំទោស (សម្រាប់រូបខ្ញុំ) តែខ្ញុំចង់ដឹងថា តើវាមិនពិតត្រង់ណា? អ្វីដែលខ្ញុំនិយាយពីព្រោះថា រឿងនេះមិនមែនតែខ្ញុំទេ គឺគណបក្សទាំងមូល»។

យ៉ាងណាក្តី លោក សុនឆ័យ ហាក់ដូចជាមិនបាននិយាយទទួលកំហុសរបស់ខ្លួនចំពោះការនិយាយពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍នោះទេ ដោយលោកបានលើកឡើងថា មិនថាតែលោក សូម្បីតែគណបក្សនយោបាយ៣ ឬ៤ និងអង្គការសង្គមស៊ីវិលក៏បាននិយាយដូចគ្នាដែរ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានស្នើឲ្យអ្នកប្តឹងមានទាំងគ.ជ.ប និងគណបក្សប្រជាជនកម្ពុជា ចង្អុលឲ្យចំៗថា ចំណុចណាមួយដែលលោកនិយាយមិនពិត។ លោកថា អ្វីដែលគេប្តឹងនេះ គឺជាករណីនយោបាយ ទាមទារឲ្យមានការជជែកគ្នា ដោយសារការប្តឹងគឺបង្ហាញ ពីករណីអាក្រក់នៅកម្ពុជា ពិសេសនោះដំណើរការ លទ្ធិប្រជាធិបតេយ្យ។

លោកបន្តថា តុលាការមិនទាន់កំណត់ហៅ លោកមកម្តងទៀត នៅពេលណានោះទេ ប៉ុន្តែលោកក៏បានឲ្យដឹងថា នៅថ្ងៃទី១៥ខែកក្កដា ខាងមុខ លោកនឹងឡើងសវនាការ ម្តងទៀត ចំពោះបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលបណ្តឹង លើបទចោលតែមួយ ។

ទាក់ទិននឹងករណីប្តឹងទាមទារសំណងជំងឺចិត្ត១លានដុល្លាររបស់គណបក្សប្រជាជនកម្ពុជាត្រូវបានលោក សុន ឆ័យ បញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ខ្ញុំការទាមទារនេះហួសហេតុ ហើយសម្រាប់ខ្ញុំអត់មានលុយទេ ហើយបើគេទារឲ្យទៅតាមយថាកម្មទៅ!»។

សូមជម្រាបថា លោក សុន ឆ័យ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្តឹងលោកពីបទបរិហារកេរ្តិ៍ លើដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខេមិថុនា ឆ្នាំ២០២២ ។ បណ្តឹងរបស់គ.ជ.បធ្វើឡើងតាមរយៈលោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងលោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងស្នើឲ្យធ្វើលិខិតសុំទោសជាសាធារណៈ។ ក្រៅពីបណ្តឹងរបស់គ.ជ.ប ទាមទារឲ្យបង់ពិន័យប្រហែល១០លានរៀលនោះ ក៏មានបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាមួយទៀតដែរ ទាមទារផ្តល់សំណងប្រហែលជា១លានដុល្លារ ៕

To Top