ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២២ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្ដរជាតិ ប្រមាណជាង ៥០ម៉ឺននាក់ កើនឡើង ៣៩៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។
ក្នុងពិធីបើកសន្និបាត បូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោក ថោង ខុន បានឲ្យដឹងថា ការកាត់បន្ថយរបាំងនៃការធ្វើដំណើរ និងការគ្រប់គ្រងបានយ៉ាងល្អ បានធ្វើឲ្យមានកំណើនចំនួននៃ ការធ្វើដំណើររបស់ភ្ញៀវទេសចរផ្ទៃក្នុង ព្រមទាំងចំនួននៃការមកដល់របស់ ភ្ញៀវទេសចរអន្តរជាតិកើនឡើងផងដែរ ហើយជើងហោះហើរចូលមកកម្ពុជា ក៏កើនឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។
លោករដ្ឋមន្ដ្រីបញ្ជាក់ថា «ជាក់ស្តែង សម្រាប់រយៈពេល ៦ខែ ដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៥០ម៉ឺននាក់ កើនឡើង៣៩៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ តែនៅថយចុះ -៨៤.៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ (មុនវិបត្តិ) ដោយភាគច្រើនមកពីប្រភពទីផ្សារ ដូចជា៖ វៀតណាម, ថៃ, ចិន, សហរដ្ឋអាមេរិក, ឥណ្ឌូណេស៊ី, បារាំង, កូរ៉េ, ម៉ាឡេស៊ី, អង់គ្លេស, អូស្ត្រាលី, សិង្ហបុរី និងឥណ្ឌា»។
លោកបន្ដថា រីឯភ្ញៀវទេសចរផ្ទៃក្នុង ធ្វើដំណើរកម្សាន្តក្នុងប្រទេស រួមមាន៖ ទេសចរជាតិសរុបប្រមាណ ៦,៣៣ លាននាក់ កើនឡើងក្នុងអត្រាប្រមាណ ២១៩% និងទេសចរបរទេស ផ្ទៃក្នុងប្រមាណ ៦៨ម៉ឺននាក់ កើនឡើងក្នុងអត្រាប្រមាណ ៣៨០ % ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។
លោកបន្ថែមថា ឈរលើមូលដ្ឋាននៃការកម្រើកឡើងវិញ នៃចរន្តទេសចរណ៍សកលលោក ក៏ដូចជាទេសចរណ៍តំបន់ ជាមួយនឹងកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាល កម្ពុជារំពឹងថា នឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់ប្រមាណ ១លាននាក់ក្នុងឆ្នាំ២០២២ ហើយប្រមាណ២លាននាក់ ឆ្នាំ២០២៣ ខាងមុខដែលជាឆ្នាំកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ៕