ភ្នំពេញ ៖ រាជធានីភ្នំពេញ នឹងមានរោងចក្រផលិត ទឹកស្អាតមួយកន្លែងទៀត មានសមត្ថភាពផលិតទឹកស្អាត បាន៥០០០ម៉ែត្រគូប ក្នុង១ថ្ងៃ ដែលមានទីតាំងលើដីសណ្តស្ទឹងព្រែកត្នោត ភូមិបឹងធំ២ ភូមិបឹងធំ៣ សង្កាត់បឹងធំ ខណ្ឌកំបូល ។
ដើម្បីឲ្យដំណើរការនៃគម្រោងនេះ ទទួលបានភាពជោគជ័យ បំពេញបំណងចង់ បានរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រៅពីចុះពិនិត្យស្ថានភាពទឹកសណ្ដស្ទឹងព្រែកត្នោត លោកក៏បានដឹកនាំមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ បន្តចុះទៅពិនិត្យ គម្រោងទីតាំងសាងសង់ស្ថានីយទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញនេះផងដែរ ។
បើតាមមន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រៀបរាប់ប្រាប់លោក ឃួង ស្រេងថា គម្រោងសាងសង់ស្ថានីយទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះ មានឈ្មោះថា ជារោងចក្រផលិតទឹកស្អាតបឹងធំ មានសមត្ថភាពផលិតទឹកស្អាតបាន៥០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយផ្តើមសាងសង់ក្នុងឆ្នាំ២០២២ ដល់២០២៤ លើផ្ទៃដី៣០ហិកតា ។
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ អាចផ្គត់ផ្គង់ទឹកស្អាត ឲ្យប្រជាពលរដ្ឋនៅភាគខាងលិច ឆៀងខាង ត្បូងរាជធានីភ្នំពេញ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកទៀតនៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី ។
រោងចក្រផលិតទឹកស្អាតបឹងធំ ជាជំហានទី១ នៅឆ្នាំ២០២៣ នឹងអាចឲ្យប្រជាពលរដ្ឋ ប្រើប្រាស់បាន នៅក្នុង៣សង្កាត់នៃខណ្ឌកំបូល ហើយនឹងបន្តពង្រឹកវិសាលភាព កាន់តែធំបន្ថែមទៀត សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ រស់នៅស្អាត ផឹកទឹកស្អាត មានអនាម័យល្អ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគិតគូធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ រស់នៅស្អាត ផឹកទឹកស្អាត តាមរយៈការបង្កើតឲ្យមានរោងចក្រផលិតទឹកស្អាតនេះឯង៕