ព័ត៌មានជាតិ

លោក អ៉ិត​ សំហេង៖ មាន ប.ស.ស. ផ្នែកប្រាក់សោធន គឺជួយបង្កើតស្មារតី ទទួលខុសត្រូវ ក្នុងការបំពេញការងារ និងបង្កើនផលិតភាព ក្នុងសហគ្រាស

ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត​ សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ការបង្កើតឱ្យមានរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន នេះឡើង គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត និងឈ្លាសវៃបំផុត ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទៅលើជីវភាពរស់នៅ ក្នុងន័យកាត់បន្ថយភាពក្រីក្រ និងធានានូវសុខុមាលភាព របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងយុទ្ធនាការលើកទី២ នៃពិធីផ្សព្វផ្សាយ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ លោកបណ្ឌិតរដ្ឋមន្រ្ដី បានលើកឡើងទៀតថា៖ របបសន្ដិសន្ដិសុខសង្គម ផ្នែកប្រាក់សោធនថ្មីនេះ គឺឱ្យកម្មករនិយោជិតទាំងអស់ ក្នុងវិស័យឯកជន ទទួលបានប្រាក់ចូលនិវត្តន៍ នៅពេលចាស់ធ្វើការលែងកើត ដូចទៅនឹងមន្រ្តីរាជការដែរ។ ជាមួយគ្នានេះ របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន បានរួមចំណែកយ៉ាងសំខាន់បំផុត ក្នុងការបង្កើនស្មារតី ទទួលខុសត្រូវខ្ពស់ ខិតខំបំពេញការងារ ប្រកបដោយស្ថិរភាព និងភាពយូរអង្វែង របស់កម្មករនិយោជិត ឈានដល់ការបង្កើតផលិតភាព ជូនសហគ្រាស គ្រឹះស្ថានរបស់ខ្លួន។

លោកបណ្ឌិតរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា៖ ការចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកប្រាក់សោធន មិនមែនជាការស័្មគ្រចិត្តនោះទេ ប៉ុន្ដែវាជាកាតព្វកិច្ច របស់ភាគីនិយោជក និងភាគីនិយោជិត ដែលត្រូវអនុវត្តស្របទៅតាមច្បាប់ ស្ដីពីរបបសន្ដិសុខសង្គមដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ 

ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្រ្ដី ក៏បានធ្វើការសំណូមពរទៅកាន់ បងប្អូនសហជីពទាំងអស់ ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយនាពេលនេះ សូមមេត្តាយកចិត្តទុកដាក់ស្ដាប់ និងសួរនូវរាល់ចម្ងល់ទាំងឡាយ ពាក់ព័ន្ធទៅនឹងរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធនថ្មីនេះ ដើម្បីអាចផ្សព្វផ្សាយបន្តអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ឱ្យបានដល់បងប្អូនកម្មករនិយោជិត ដែលជាអ្នកនៅជាមួយ និងជួបផ្ទាល់បងប្អូនសហជីពទាំងអស់គ្នា ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ធ្វើយ៉ាងណាឱ្យមានការចូលរួមអនុវត្តកាតព្វកិច្ច ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួល នូវការញុះញង់ ការទទួលព័ត៌មានមិនពិត ពីក្រុមជនអគតិមួយចំនួនតូច។

សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយខាងលើនេះ ប្រព្រឹត្តទៅនៅរសៀលថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារីដោយមានការអញ្ជើញចូលរួមពីបងប្អូនសហជីព​ សរុបប្រមាណជា ៣០០នាក់៕

To Top