ព័ត៌មានជាតិ

ក្រសួង អនុញ្ញាតឲ្យចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខ លើរថយន្តចង្កូតស្ដាំ មានស្រាប់ក្នុងប្រទេស

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឲ្យចុះបញ្ជី ផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ លើរថយន្តចង្កូតស្ដាំមាន ស្រាប់ក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសាធារណការ នាថ្ងៃទី១៣ កក្កដា បានឲ្យដឹងថា «សូមធ្វើការណែនាំដល់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត ត្រូវទទួលចុះបញ្ជីផ្តល់ បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ លើរថយន្តចង្កូតស្តាំមានស្រាប់ ក្នុងប្រទេសដែលបានបំពេញកាតព្វកិច្ចពន្ធ និងអាកររួចរាល់ ស្របតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការអនុញ្ញាតឲ្យបង់ពន្ធ និងអាករលើរថយន្តគ្មានពន្ធមានស្រាប់ ក្នុងប្រទេសដែលនៅសេសសល់ តាមបែបបទ និងនីតិវិធីដូចបានអនុវត្តកន្លងមកនូវទម្រង់ផ្លាកលេខ ចង្កូតស្តាំ ដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់ជាមួយ»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃ៦ កក្កដា បានអនុគ្រោះឲ្យម្ចាស់រថយន្តចង្កូតស្តាំ គ្មានពន្ធមានស្រាប់ក្នុងប្រទេស នៅសេសសល់ ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ដោយពុំចាំបាច់កែច្នៃចង្កូតពីស្តាំមកឆ្វេង ៕

To Top