ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញជំនឿជឿជាក់ថា វិស័យទេសចរណ៍កម្ពុជា នឹងងើបឡើងវិញ នៅពេលចិនដកគោលនយោបាយ «សូន្យកូវីដ» ចេញ។
ថ្លែងក្នុងពិធីបិទលទ្ធផលការងារបូកសរុបវិស័យទេសចរណ៍ របស់ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ប្រទេសជាច្រើននៅក្នុងតំបន់ មិនថាតំបន់អាស៊ីទេ តំបន់អឺរ៉ុប ក៏ត្រូវការ ទេសចរណ៍ចិនផងដែរ។
សម្ដេចបន្ថែមថា ប៉ុន្តែនៅពេលចិនអនុវត្តន៍នូវវិធានការសូន្យកូវីដ បានធ្វើឲ្យមានការប៉ះពាល់ ទៅលើការដឹកជញ្ជូន ប៉ុន្តែធំជាងគេ គឺបញ្ហាទាក់ទិននឹងពលរដ្ឋរបស់ចិនដែលត្រូវធ្វើដំណើរមកកាន់បណ្ដាប្រទេសនានា។
សម្ដេចបន្តថា កម្ពុជាក៏ទទួលរងពីគោលនយោបាយ សូន្យកូវីដរបស់ចិន ប៉ុន្តែក៏យោគយល់ចំពោះកិច្ចការពារខ្លួនរបស់ប្រជាជនចិន ដើម្បីអនុវត្តន៍ការការពារខ្លួន កុំឲ្យមានមនុស្សស្លាប់នៅចិន។
ពាក់ព័ន្ធបញ្ហានេះ សម្ដេចតេជោគូសបញ្ជាក់ថា “ក្នុងករណីដែលចិនជំរុញការងើបឡើង និងដកចេញនូវនយោបាយកូវីដ១៩ យើងជឿជាក់ថា ទេសចរណ៍មកកម្ពុជា អាចមានចំនួនច្រើន ដែលតភ្ជាប់ការហោះហើរ ខណៈនេះចិនបង្កើនជើងហោះហើរ រវាងកម្ពុជា ជាមួយនឹងចិន ក៏បានច្រើនគួរសម”។
សម្ដេចតេជោឲ្យដឹងផងដែរថា វិស័យទេសចរណ៍បច្ចុប្បន្ន ក៏ពឹងពាក់ទៅលើទេសចរណ៍ផ្លូវគោកជាមួយវៀតណាម ថៃនិងឡាវ ផងដែរ។
ត្រង់ចំនុចនេះ សម្ដេចតេជោ បានជំរុញ ឲ្យរកគ្រប់វិធី ដើម្បីធ្វើទំនាក់ទំនង នៃការហោះហើរ ក៏ដូចជាការបើកឲ្យមានទេសចរណ៍ ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស៕