ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាល ពីព្រឹកថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ ២០២២ នេះ បានប្រកាសសាលក្រម និង សម្រេចផ្តន្ទាទោស អតីតមន្ត្រីអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) ម្នាក់ ដាក់គុក២ ឆ្នាំ តែ ទោសត្រូវអនុវត្ត នៅក្នុងពន្ធនាគារ គឺ កំណត់ត្រឹមតែ ៦ខែ ប៉ុណ្ណោះ , ចំណែកឯ ទោស ដែលនៅសេសសល់ ត្រូវបានប្រកាសព្យួរទាំងអស់ ជាប់ពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើ ពុករលួយ តាមរូបភាព យកតួនាទីរបស់ខ្លួន ទៅជម្រិតទារប្រាក់ ពី អ្នកដែលដាក់ពាក្យបណ្តឹង ទៅកាន់អង្គភាពប្រឆាំងអំពើពុក ដើម្បីសុំអន្តរាគមន៍ ជាថ្នូរនឹងការចាត់ លើពាក្យបណ្តឹង បានលឿន ឬ បានឆាប់ ឬ មិនចាត់ការនូវ ពាក្យបណ្តឹង ចំពោះ អ្នកដែលត្រូវបានគេប្តឹង ទៅ អង្គភាពប្រឆាំងអំពើពុករលួយ ប្រព្រឹត្ត កាលអំឡុង ឆ្នាំ ២០២១។
លោកសុង ប៊ុណ្ណារិទ្ធិ ជាចៅក្រមជំនុំជម្រះ បានថ្លែងអោយដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ ទូច ទិត្យវឌ្ឍនា ភេទប្រុស អាយុ២៧ ឆ្នាំ មានមុខរបរ មុនចាប់ឃាត់ខ្លួន ជាមន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យបណ្តឹង នឹងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ មានអាសយដ្ឋាននៅរាជធានីភ្នំពេញ ។
លោកចៅក្រមបានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ទូច ទិត្យវឌ្ឍនា ត្រូវបាន តំណាងអយ្យការចោទប្រកាន់ពីបទ«វិតិក្រម» តាមមាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ ។
ជនជាប់ចោទ ឈ្មោះ ទូច ទិត្យវឌ្ឍនា ត្រូវបានចាប់ឃាត់ខ្លួន ដោយអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២២៕
ដោយ: លីហ្សា