ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធាន នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន បានស្នើដល់ភាគីចិន ជំរុញអ្នកវិនិយោគិនចិន មកវិនិយោគនៅកម្ពុជា ក្នុងវិស័យអាទិភាព ដូចជា ៖ ចិញ្ចឹមសត្វ វារីវប្បកម្ម កៅស៊ូ ជាដើម សម្រាប់នាំទៅប្រទេសចិន។
នេះបើយោងតាមលទ្ធផល នៃកិច្ចប្រជុំពេញអង្គរបស់ គណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាល កម្ពុជា-ចិន តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ចំណែក ភាគីចិនដឹកនាំដោយ លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ក្រសួងការបរទេសចិន និងជាសហប្រធាន ។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបញ្ជាក់ថា «ស្នើជំរុញឲ្យវិនិយោគិនចិន មកវិនិយោគនៅកម្ពុជា ក្នុងវិស័យអាទិភាព ក្នុងវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម កៅស៊ូ សម្រាប់នាំទៅប្រទេសចិន។ ជំរុញរដ្ឋបាលគយចិន និងក្រសួងពាក់ព័ន្ធទាំងពីរ រៀបចំពិធីសារអនាម័យនិង ភូតគាមអនាម័យលើ ផលិតផលកសិកម្មមួយចំនួន ជាកញ្ចប់តែម្តងជាជាងធ្វើពិធីសារសម្រាប់តែ ផលិតផលមួយមុខៗម្តង»។
លើសពីនេះ លោក ក៏បានស្នើរដ្ឋបាលគយចិន ពន្លឿននីតិវិធីចុះហត្ថលេខាលើពិធីសារអនាម័យ និង ភូតគាមអនាម័យលើផលិត ផលផ្លែមៀន, គ្រាប់ស្វាយចន្ទី និងសំបុកត្រចៀកកាំ ជាដើម ។ ជាពិសេស ស្នើភាគីចិនបន្តនាំចូលអង្ករពីកម្ពុជា ដែលមានកូតា ៤០ម៉ឺនតោន ដោយរួចពន្ធ តាមការសម្រេចរបស់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន។
ជាងនេះទៅទៀត លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានស្នើចិន ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យសម្រេចបានគោលដៅ ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥ ៕