ព័ត៌មានជាតិ

ក្រសួង នឹងសាងសង់ស្ថានីយ អង់តែនបន្ថែមចំនួន១០០ ដើម្បីលើកកម្ពស់ គុណភាពសេវា ទូរគមនាគមន៍ (Video)

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសាងសង់ស្ថានីយអង់តែនបន្ថែម ចំនួន១០០ ដើម្បីលើកកម្ពស់គុណភាព សេវាទូរសព្ទ នៅតាមគោលដៅទេសចរណ៍ អាទិភាព និងតំបន់ទេសចរណ៍ ដាច់ស្រយាល។

ការសាងសង់នេះ គឺយោងតាមប្រសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីបិទសន្និបាត បូកសរុបការងារទេសចរណ៍ ផែនការស្តារ និងលើកស្ទួយ វិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ និងដើម្បីពង្រឹងគុណភាព និងវិសាលភាពសេវា ទូរគមនាគមន៍ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងប្រៃសណីយ៍ នាថ្ងៃទី១៤ កក្កដា បានបញ្ជាក់ថា “ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសាងសង់ស្ថានីយអង់តែន ចំនួន១០០ ដោយប្រើប្រាស់ថវិការបស់មូលនិធិកាតព្វកិច្ចសេវាសកល ព្រមទាំងសហការជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទូរសព្ទចល័ត ដើម្បីពង្រឹងគុណភាព សេវាដល់គោលដៅ ទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ ដាច់ស្រយាល”។

ក្រសួង បន្ដថា ការសាងសង់ស្ថានីយអង់តែនបន្ថែមនេះ គឺស្របនឹងយន្តការ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានក្រុមការងារពង្រឹង គុណភាពសេវានៅតាមតំបន់ចំនួន ៥ នៅទូទាំងប្រទេស និងក្រុមការងារចំនួន៨ សម្រាប់ចុះពង្រឹង គុណភាពសេវានៅតាមបុរី ក្នុងរាជធានីភ្នំពេញ កំពុងអនុវត្តការងារយ៉ាងសកម្ម ក្នុងការវាស់ស្ទង់គុណភាពសេវា នៅតាមភូមិសាស្រ្តទូទាំងប្រទេស ដើម្បីជំរុញ កាតព្វកិច្ចរបស់ប្រតិបត្តិករ ក្នុងការសាងសង់ស្ថានីយអង់តែនបន្ថែម សំដៅធ្វើឲ្យសេវា ទូរគមនាគមន៍មានគុណភាព និងការគ្របដណ្តប់ ឲ្យកាន់តែប្រសើរឡើង៕

To Top