ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ឲ្យអាជ្ញាធរខេត្តជាប់ព្រំដែន អនុវត្តវិធានចំពោះអ្នកដំណើរ ឬពលករ មិនទាន់ចាក់វ៉ាក់សាំងកូវីដ (Video)

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំអភិបាលខេត្តជាប់ព្រំដែនគោក និងទឹកនៃប្រទេសថៃ ឡាវ វៀតណាម ត្រូវអនុវត្តវិធានសុខាភិបាលចំពោះអ្នកដំណើរ ឬពលករខ្មែរ មិនទាន់ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ គឺត្រូវធ្វើតេស្តរហ័សដោយឥតគិតថ្លៃ។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៤ កក្កដា លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ក្រោយពីមានការកែសម្រួល លក្ខខណ្ឌមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេស ដែលពុំទាន់បានចាក់ ឬបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ នៅថ្ងៃទី៨ កក្កដា មណ្ឌលចត្តាឡីស័ក នៅតាមខេត្តជាប់ព្រំដែន ត្រូវបានបិទដំណើរការ ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ប្រភេទថ្មីៗនាំចូលពីបរទស ត្រូវអនុវត្តនូវវិធានការសុខាភិបាល ចំពោះអ្នកដំណើរជាប្រជាជន ឬពលករខ្មែរ ដែលចូលមកកម្ពុជា តាមច្រកព្រំដែនគោក និងព្រំដែនទឹក នៃប្រទេសថៃ ឡាវ និងវៀតណាម ដែលមិនបានចាក់ ឬចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ តម្រូវឲ្យធ្វើតេស្ដរហ័សដោយពុំបង់ប្រាក់។

លោកបន្ដថា ក្នុងករណីទទួលលទ្ធផលវិជ្ជមាន នឹងត្រូវអនុវត្តលក្ខខណ្ឌ ដូចជា ៖ ប្រសិនជាគ្មានរោគសញ្ញា ឬជាករណីស្រាល ត្រូវបានអនុញ្ញាតឲ្យ សម្រាកព្យាបាលនៅតាមផ្ទះ ចំពោះអ្នកដែលមានលំនៅឋានសមរម្យ ឬត្រូវបានអនុញ្ញាតឲ្យ សម្រាកព្យាបាលនៅសណ្ឋាគារ ឬផ្ទះសំណាក់ បើសាមីជនមានលទ្ធភាពនិងបំណង ដោយមានការឯកភាពពីអាជ្ញាធរមូលដ្ឋាន ហើយរាល់ការចំណាយទាំងអស់ ជាបន្ទុករបស់បុគ្គលសាមី និងត្រូវអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ព្រមទាំងតាមដានសុខភាព ឲ្យបានខ្ជាប់ខ្ជួន ស្របតាមនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។

លោករដ្ឋមន្ដ្រី បានបន្ថែមថា ប្រសិនជាមានរោគសញ្ញាធ្ងន់ធ្ងរ អាជ្ញាធរសុខាភិបាលត្រូវដាក់អ្នកជំងឺកូវីដ-១៩ ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោមការតាមដានយ៉ាងហ្មត់ចត់ ពីសំណាក់គ្រូពេទ្យ ៕

To Top