ព័ត៌មានជាតិ

បង់ក្លាដែស មានបំណង ចង់ពង្រីកប្រតិបត្តិការ ជាមួយកម្ពុជា លើវិស័យពាណិជ្ជកម្ម ក្នុងគ្រាពិភពលោក កំពុងប្រឈមបញ្ហាស្បៀងឡើងថ្លៃ

ភ្នំពេញ ៖ លោក បណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស បានប្រាប់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អំពីគោលបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយកម្ពុជា ជាពិសេស វិស័យពាណិជ្ជកម្ម ដើម្បីរក្សាសន្តិសុខស្បៀង នៅគ្រាដែលពិភពលោក កំពុងប្រឈមនឹងបញ្ហាស្បៀងឡើងថ្លៃ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក អេ ខេ អាប់ឌុល ម៉ូមិន បានលើកឡើងពីស្ថានភាព និងគោលបំណងរបស់រដ្ឋាភិបាលបង់ក្លាដេស ពាក់ព័ន្ធនឹងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងជ្រកកោននៅប្រទេសបង់ក្លាដេស និងបានគោរពជម្រាបជូន សម្ដេចតេជោ ផងដែរ អំពីស្ថានភាពសេដ្ឋកិច្ចស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩។

ជាមួយគ្នានោះដែរ លោក អេ ខេ អាប់ឌុល ម៉ូមិន បានជម្រាបសម្ដេចតេជោថា «គោលបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា ជាពិសេស វិស័យពាណិជ្ជកម្ម ដើម្បីរក្សាសន្តិសុខស្បៀង នៅគ្រាដែលពិភពលោក កំពុងប្រឈមនឹងបញ្ហាស្បៀងឡើងថ្លៃ»។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណលោក អេ ខេ អាប់ឌុល ម៉ូមិន ចំពោះរបាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បញ្ហាសេដ្ឋកិច្ច និងបញ្ហាកូវីដ-១៩។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស លើវិស័យពាណិជ្ជកម្ម សម្តេចតេជោ បានស្នើឲ្យ លោករដ្ឋមន្រ្តីការបរទេស បង់ក្លាដែស លើកទឹកចិត្តឲ្យអ្នកវិនិយោគបង់ក្លាដេស មកវិនិយោគនៅកម្ពុជា ជាឃ្លាំងម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីប្រជាកសិករ សម្រាប់ស្តុកទុក សម្រាប់កិន និង នាំចេញទៅបង់ក្លាដេសផ្ទាល់តែម្ដង ឬអាចរៀបចំសហការជាមួយប្រជាកសិករកម្ពុជា ជាធ្វើកសិកម្មតាមបែបកិច្ចសន្យាក៏បាន ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top