ព័ត៌មានជាតិ

តុលាការកំពូល ជម្រះបណ្តឹងសារទុក្ខ ស្ត្រីជាសកម្មជន អតីតគណបក្សសង្គ្រោះជាតិ ម្នាក់ ពាក់ព័ន្ធនឹងការគៀងគរ មនុស្ស ទៅស្វាគមន៍ផែនការខ្យល់ នៃ ការវិលត្រឡប់របស់លោកសមរង្ស៊ី កាលពីឆ្នាំ ២០១៩

ភ្នំពេញ: តុលាការកំពូលកាលពីព្រឹក ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើកបណ្តឹងសារទុក្ខ របស់ ស្រ្តីជាប់ចោទម្នាក់ ដែលជាអតីតក្រុមប្រឹក្សាឃុំជាប់ឆ្នោតរបស់អតីតគណបក្សសង្គ្រោះជាតិ នៅស្រុកឈូក ខេត្តកំពត ដែលត្រូវបានជាប់ទោស និង ជាប់ក្នង ពន្ធនាគារ ជាប់ពាក់ព័ន្ធនឹងការញុះញង់ និង បំផុសបំផុល អោយមហាជន ប្រឆាំង និង ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមផែនការរបស់ លោកសមរង្ស៊ី និង គូកន និងបានធ្វើសកម្មភាពការគៀរគរមនុស្ស ដើម្បីនាំគ្នាទៅចាំទទួល និងស្វាគមន៍ផែនការខ្យល់ នៃវិលត្រឡប់របស់លោកសមរង្ស៊ី និង គូកន នៅព្រំដែនខ្មែរ-ថៃ នៅថ្ងៃទី៩ វិច្ឆិកាឆ្នាំ ២០១៩។

លោក និល ណុន ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានអោយដឹងថា ជនជាប់ចោទមាន៖ ប៉ែន មុំ ហៅ ស្រីមុំ ភេទស្រី អាយុ ៤២ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅមុនចាប់ខ្លួន នៅឃុំកណ្តោល, ស្រុកទឹកឈូ, ខេត្តកំពត។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តកំពត កាលពីថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២០ បានផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ ប៉ែន មុំ ដាក់ ពន្ធនាគារ កំណត់ ៥ ឆ្នាំ ពីបទ ” រួមគំនិតក្បត់” តាមបញ្ញត្តិមាត្រា ៤៥៣ នៃ ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត ភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត កាលពីអំឡុងឆ្នាំ២០១៧ និង ២០១៩ ។

តែជនជាប់ចោទ ឈ្មោះ ប៉ែន មុំ ប្តឹងឧទ្ទរណ៍។ តុលាការឧទ្ទរណ៍ ខេត្តព្រះសីហនុ បានតម្កល់សាលក្រមរបស់ សាលាដំបូងខេត្តកំពត តែបានកែប្រែទោសរបស់គាត់ ពីត្រូវជាប់គុក ៥ ឆ្នាំ មកត្រឹម ៣ ឆ្នាំវិញ ទោសនៅសេសសល់ ២ ឆ្នាំ
ទៀត គឺត្រូវព្យួរទាំងអស់។

គាត់ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។

ជនជាប់ចោទត្រូវ បានឃាត់ខ្លួនតាមអំណាចសាលក្រមតុលាការដំបូងខេត្តកំពត កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២០។

នាពេលសវនាការ, ជនជាប់ចោទ ឈ្មោះ ប៉ែន មុំ ដែលមានវត្តមាន នៅក្នុងបន្ទប់សវនាការ នៃ តុលាការកំពូល, បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់ លើរូបគាត់។

ទោះយ៉ាងណាក្តី, ជនជាប់ចោទ បានសំណូមពរ ដល់ក្រុមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល មេត្តាសម្រេច បន្ថយទោសរបស់គាត់ ចំនួន ១ ឆ្នាំទៀត ដើម្បីឆាប់បានវិលត្រឡប់ ជួបជុំគ្រួសារគាត់ឡើងវិញ។

តុលាការកំពូលនឹងប្រកាសដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២ នេះ ៕

ដោយ: លីហ្សា

To Top