ព័ត៌មានជាតិ

រដ្ឋមន្ដ្រីពាណិជ្ជកម្ម ស្នើមីយ៉ាន់ម៉ា ជួយជំរុញការនាំចូល ផលិតផលកសិកម្ម ពីកម្ពុជា

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម និងជាប្រធាន នៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍ សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានស្នើមីយ៉ាន់ម៉ា ពិនិត្យលទ្ធភាពជួយជំរុញ ឲ្យមានការនាំចូល ផលិតផលកសិកម្ម មានសក្តានុពលពីកម្ពុជា។

នាឱកាសអនុញ្ញាតឱ្យលោក Thit Linn Ohn ឯកអគ្គរដ្ឋទូត មីយ៉ាន់ម៉ា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នាថ្ងៃទី១៤ កក្កដា លោក ប៉ាន សូរស័ក្តិ បានលើកឡើងអំពីវឌ្ឍនភាព នៃការរៀបចំសមិទ្ធផល សេដ្ឋកិច្ចអាទិភាពកម្ពុជាទាំង ១៩ ក្រោមសសរស្តម្ភ សហគមន៍សេដ្ឋកិច្ចអាស៊ាន និងស្នើមីយ៉ាន់ម៉ាបន្តការចូលរួមរៀបចំ និង គំាទ្រសំដៅអាចសម្រេចបាន ដោយជោគជ័យក្រោមភាពជា ប្រធានអាស៊ានរបស់កម្ពុជា។

លោករដ្ឋមន្រ្តីបញ្ជាក់ថា «ស្នើឲ្យភាគីមីយ៉ាន់ម៉ា ពិនិត្យលទ្ធភាពជួយជំរុញ ឲ្យមានការនាំចូលផលិតផលកសិកម្ម មានសក្តានុពលពីកម្ពុជា ដូចជា៖ ស្វាយ ចេកសម្ងួត មៀន ផ្លែបឺរ គ្រាប់ស្វាយចន្ទី ដំឡូងជ្វា ម្ទេស ល្ង និងស្ករត្នោត ទៅកាន់ទីផ្សារមីយ៉ាន់ម៉ា បន្ថែមទៀត»។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តី ក៏បានប្រាប់ឯកអគ្គរដ្ឋទូត ពីសក្តានុពលធុរកិច្ច និងវិនិយោគនៅកម្ពុជា ក៏ដូចជាយុទ្ធសាស្រ្តដ៏មុតស្រួច របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងមានកំណើន ៦.៦% សម្រាប់ឆ្នាំ២០២៣ និង ៧% នៅឆ្នាំបន្ទាប់។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានបង្ហាញពីការប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងពាំនាំនូវសំណើរបស់ លោករដ្ឋមន្រ្តី ទៅជម្រាបជូនដឹក នាំផងដែរ។ បន្ថែមពីនេះ លោកឯកអគ្គរដ្ឋ ក៏បានស្នើសុំ ភាគីកម្ពុជា ពិនិត្យលទ្ធភាព ជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗដទៃទៀត រួមមាន៖ ការចៀសវាងការយកពន្ធត្រួតគ្នា និងការជំរុញនិងការពារការ វិនិយោគ រវាងភាគីទាំងពីរ ផងដែរ ។

ពិសេសជាងនេះទៅទៀត ភាគីទាំងពីរ ប្តេជ្ញាបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ចនិងវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំង២ កាន់តែរីកចម្រើនទៀត ៕

To Top