ព័ត៌មានជាតិ

អដ្ឋិធាតុទ័ពវៀតណាម ២២អដ្ឋិធាតុ ត្រូវបានប្រគល់ឲ្យមាតុភូមិនិវត្តន៍ ទៅស្រុកកំណើតវិញ

ភ្នំពេញ៖ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ២២ អដ្ឋិធាតុដែលរុករកឃើញ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវបានធ្វើពិធីប្រគល់ និងទទួល ក្នុងជំហានទី២១ រដូវប្រាំងឆ្នាំ២០២១-២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកណ្ដាល នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

យោងតាមគេហទំព័រហ្វេសប៊ុក របស់រដ្ឋបាលខេត្តកណ្ដាល បានឲ្យដឹងថា ក្នុងពិធីទទួល-ប្រគល់ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនេះ ធ្វើឡើងក្រោមអធិបតីលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងលោក ឧត្តមសេនីយ៍ត្រី ហូ មិញភឿង ស្នងការរងនយោបាយ និងជាអនុប្រធានគណៈចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ។

នាឱកាសនោះលោក ណុប ដារ៉ា បានថ្លែងថា ការចូលរួមស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ កងទ័ពវៀតណាមនេះ គឺជាការងារមនុស្សធម៌ដ៏ល្អ និងជាការបង្ហាញពីទឹកចិត្ត របស់ប្រជាជនកម្ពុជាផងដែរ ពីព្រោះកងទ័ពវៀតណាម បានពលីអាយុជីវិតលើទឹកដីកម្ពុជា។

លោកក៏បានជំរុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្ត ត្រូវបន្តខិតខំសហប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួល ដល់ដំណើរការស្វែងរុករក អដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតនៅទឹកដីខេត្តកណ្តាល ដែលនៅសេសសល់បន្តទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ ទៅប្រទេសវៀតណាមវិញ។

នាឱកាសនោះ ឧត្តមសេនីយ៍ត្រី ហូ មិញភឿង បានថ្លែងថា ក្នុងកិច្ចសហប្រតិបត្តិការស្រាវជ្រាវរុករក ជីកលើកអដ្ឋិធាតុកង ទ័ពស្ម័គ្រចិត្តវៀតណាម គិតពីឆ្នាំ២០០២ រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ (ពីជំហានទី១ ដល់ជំហានទី២១) ការជីកលើកអដ្ឋិធាតុក្នុងភូមិសាស្ត្រខេត្តកណ្តាល សរុបបានចំនួន ១២១០អដ្ឋិធាតុ៕

To Top