ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ឲ្យនិយោជកទាំងអស់ ត្រូវត្រៀមខ្លួនក្នុងការបង់ភាគទាន សម្រាប់ការអនុវត្តរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន

ភ្នំពេញ៖ ថ្លែងក្នុងឱកាសកិច្ចប្រជុំលើកទី៤ នៃយុទ្ធនាការ ៩០ថ្ងៃ នៃពិធីផ្សព្វផ្សាយការអនុវត្ត របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ លោកបណ្ឌិត អ៉ិត​ សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. បានលើកឡើងថា ការចូលរួមបង់ភាគទានរបស់ភាគីនិយោជក ក្នុងការអនុវត្តរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ គឺបង្ហាញពីការរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ឱ្យកាន់តែរីកចម្រើន ក៏ដូចជាលើកទឹកចិត្តកម្មករនិយោជិត ឱ្យខិតខំធ្វើការងារ នឹងមានសង្ឃឹមខ្ពស់ នៅពេលដែលពួកគាត់ចាស់ទៅ ធ្វើការលែងកើត និងសុខភាពចុះខ្សោយ នៅពេលនោះគាត់នឹងទទួលបាន អត្ថប្រយោជន៍ និងការការពារពីប.ស.ស. ផ្នែកប្រាក់សោធន និងផ្នែកថែទាំសុខភាព ដែលនេះបានមកពីការចូលរួម របស់ភាគីនិយោជក និងភាគីនិយោជិតខ្លួនឯងផ្ទាល់។

លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានថ្លែងបន្ដថា៖ ក្នុងយុទ្ធនាការ ៩០ថ្ងៃ នៃការផ្សព្វផ្សាយ របបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះ បានរៀបចំ ៣លើក រួចមកហើយ ដោយបានធ្វើឡើងជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបងប្អូនសហជីព។ ដោយឡែកចំពោះពិធីផ្សព្វផ្សាយនៅពេលឆាប់ៗខាងមុខក្នុងយុទ្ធនាការ ៩០ថ្ងៃនេះដែល នឹងមានការរៀបចំកិច្ចផ្សព្វផ្សាយ របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន ដោយមានការចូលរួមត្រីភាគី​ និងនៅពេលបន្ដបន្ទាប់ក្រុមការងារពាក់ព័ន្ធ នឹងខិតខំចុះផ្សព្វផ្សាយទៅដល់សហគ្រាស គ្រឹះសា្ថនដោយផ្ទាល់។ ទន្ទឹមគ្នានេះ ម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ត្រូវចូលរួមសហការ ដើម្បីធ្វើការផ្សព្វផ្សាយអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះ ឱ្យកាន់តែទូលំទូលាយ និងយល់ដឹងកាន់តែច្បាស់​ ដើម្បីចូលរួមអនុវត្តកាតព្វកិច្ច នឹងទទួលបានអត្ថប្រយោជន៍ នៅពេលដែលគាត់ដល់អាយុចូលនិវត្តន៍ ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ។

លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានថ្លែងបញ្ជាក់ដែរថា របបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះ ជារបបសន្ដិសុខសង្គមថ្មីដ៏ល្អប្រសើរមួយ បើប្រៀបធៀបជាមួយ បណ្ដាប្រទេសផ្សេងៗ អត្រានៃការបង់ភាគទាន របបសន្ដិសុខសង្គមផ្នែកប្រាក់សោធននៅកម្ពុជា គឺស្ថិតនៅអត្រាទាបឆ្ងាយជាង ប្រទេសជិតខាងនៅឡើយ ព្រោះថាបច្ចុប្បន្ន ៥ឆ្នាំដំបូងនៃភាគទានរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធននេះ មានការចូលរួមពីភាគីនិយោជក២% និងភាគីនិយោជិត២% ប៉ុន្ដែដើម្បីធានានូវតម្រូវការអប្បបរមា ជាពិសេសតម្រូវការរស់នៅបងប្អូនកម្មករនិយោជិត នៅពេល៥ឆ្នាំបន្ទាប់ នឹងមានការប្រែប្រួល ទៅតាមស្ថានភាពជាក់ស្ដែង នៃសេដ្ឋកិច្ចក្នុងប្រទេស។

ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានបន្ដធ្វើការសំណូមពរយ៉ាងទទូច ទៅកាន់បងប្អូននិយោជក និងតំណាងនិយោជកទាំងអស់ សូមធ្វើការបញ្ជូនឈ្មោះកម្មករនិយោជិត មកក្នុងបញ្ជី ប.ស.ស. ឲ្យបានគ្រប់គ្នា ដើម្បីរក្សាផលប្រយោជន៍ ជូនកម្មករនិយោជិត ព្រមទាំងធ្វើការសហការជាមួយ ក្រុមការងារដើម្បីធ្វើការផ្សព្វផ្សាយជូនបងប្អូនកម្មករនិយោជិត ជាពិសេសក្នុងឱកាសចូលរួម ក្នុងពិធីផ្សព្វផ្សាយនាពេលនេះ ដោយត្រូវយកចិត្តទុកដាក់ស្ដាប់ និងសួរនូវរាល់ចំងល់ទាំងឡាយពាក់ព័ន្ធ ទៅនឹងរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធនថ្មីនេះ ដើម្បីផ្សព្វផ្សាយបន្តអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះ ដល់បងប្អូនកម្មករនិយោជិតដែលនៅជាមួយ និងជួបផ្ទាល់ ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ អំពីការចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួន។

សូមបញ្ជាក់ថាៈ កិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះ ប្រព្រឹត្តទៅពេញមួយព្រឹកថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ៊ី ម៉ាវ៉ារី ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា​ និយោជក និងតំណាងនិយោជក សរុបប្រមាណជា ៣០០នាក់៕

To Top