ភ្នំពេញ ៖ ប្រជាពុទ្ធបរិស័ទខ្មែរ មិនដែលភ្លេចទេ នូវការធ្វើបុណ្យធ្វើទាន សន្សំកុសល និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ បុព្វការីជន ដែលបានចែកឋាន និងតែងបានប្រកាន់ខ្ជាប់ ការធ្វើបុណ្យទានប្រចាំឆ្នាំ ទៅតាមប្រពៃណី ទំនៀមទំលាប់ព្រះពុទ្ធ សាសនា ដែលជាសាសនារបស់រដ្ឋ មិនដែលអាក់ខានឡើយ លើកលែងតែក្នុង របបប្រល័យ ពូជសាសន៏ឥតសាសនា ដែលយកជំនឿសាសនារបស់ជាតិ ជាសត្រូវ ។
ដើម្បីរួមចំណែកលើកស្ទួយ វិស័យព្រះពុទ្ធសាសនា ឲ្យថ្កុំថ្កើងរុងរឿងថែមទៀត នាព្រឹកថ្ងៃទី១៥កក្កដានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងបុត្រ រួមជាមួយមន្ត្រីរាជការ ,កងកំលាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ បានមូលមតិគ្នា នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខាផ្សេងៗ ទៅប្រគេនដល់ព្រះសង្ឃចំនួន១៥១វត្ត ទូទាំងរាជធានីភ្នំពេញ សម្រាប់ពិធីបុណ្យ ចូលព្រះវស្សា ដោយបានប្រាព្វឡើង នៅក្នុងបរិវេណវត្តចន្ទ័បុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌ ព្រែកព្នៅ។
លោក ឃួង ស្រេង នាឱកាសនោះ បានលើកឡើងថា ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ពួកគេបានយកសាសនា ដែលជាជំនឿ របស់ប្រជាពលរដ្ឋធ្វើជាសត្រូវ ហើយថែមទាំងកាប់សម្លាប់ប្រជាជន ស្លូតត្រង់ រួមទាំងសំលាប់ ទាំងផ្លូវអារម្មណ៍ ជំនឿរបស់ប្រជាពលរដ្ឋ អោយស្លាប់ទៅជាមួយដែរ ។ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន បានធ្វើឲ្យិជីវិតយើងបានរស់ឡើងវិញ គ្រប់ជំនឿសាសនា រស់ឡើងវិញ ហើយថែមទាំងរីកលូតលាស់ ប្រកបដោយភាពសុខដមរម្យនា ក្នុងសន្តិភាព ប្រជាពលរដ្ឋមាន សិទ្ធគ្រប់បែបយ៉ាងក្នុង ការជឿជំនឿដែលខ្លួនពេញចិត្ត។
លោកអភិបាលរាជធានីបន្តទៀតថា បើគ្មានសុខសន្តិភាព គ្មានការរីកចំរើន ផ្នែកអាណាចក្រ ក៏មិនអាចធ្វើឲ្យផ្នែកពុទ្ធ ចក្ររីកចំរើន បានដែរ ។ ដូច្នេះយើងត្រូវនឹកទៅដល់ ស្ថាបនិកសន្តិភាព នោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ គុណបំណាច់ដ៏ធំធេង របស់សម្តេចបានធ្វើ អោយប្រទេសជាតិ មានការរីកចំរើនលើគ្រប់វិស័យ ។
លោកឃួង ស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នានិងគ្រប់ដូស ខណៈដែល នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ជម្ងឺកូវីដ-១៩ ហាក់កំរើកឡើងវិញ។
លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា បច្ច័យដែលទួលបានពីពុទ្ធបរិសទ្ធ័ ចូលរួមចាប់មគ្គផលនាឱកាសបុណ្យនេះ មានប្រាក់រៀលចំនួន ១៣លាន៦សែន៤ម៉ឺន៧០០រយរៀល និងជាង៣០០ដុល្លារសំរាប់ប្រគេនព្រះសង្ឃវត្តចាន់បុរីវង្ស។ដោយឡែកសំរាប់វត្តទាំង ១៥១វត្តក្នុងរាជធានី ភ្នំពេញ ក្នុងមួយវត្ត ទទួលបានបច្ចយ័ ១០០.០០០រៀល ,ទៀន ព្រះវស្សា១គូ, អង្ករ១០០គីឡូក្រាម, សាដក១, ស្ករស១បាវ, ទឹកដោះគោ១កេស, ទឹកក្រូច៤កេស, ទឹកសុទ្ធ២កេស,មី៤កេស,និងត្រីខ១កេស ។
គួរបញ្ជាក់ថាតាមទំនៀមទំលាប់ប្រពៃណីព្រះ ពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយះពេល៣ខែដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើតខែអស្សុជ ។ក្នុងរយះពេលនេះព្រៈសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅឆ្ងាយៗពីវត្តនោះទេត្រូវគង់នៅចាំ ព្រះវស្សាក្នុងវត្តរហូតគ្រប់៣ខែ ដើម្បីរៀនសូត្រធម៏អារ្យ ក្បួនច្បាប់ តាមពិទ្ធានុញ្ញាតិ ដោយខិតខំផ្ចង់សំភី សិក្សារៀន សូត្រក្រោមពន្លឺភ្លើងទៀន ព្រះវស្សាដែលបានដុតបំភ្លឺ អោយឆេះរហូតមិនអោយដាច់ ។ រយះពេល៣ខែនេះហើយ ដែលពុទ្ធបរិសទ្ធ័ ត្រូវបំពេញកុសល ជួយផ្គត់ផ្គង់ដល់ព្រះសង្ឃដែលជាស្រែបុណ្យនៅ ពេលព្រៈសង្ឃមិនអាចនិមន្តចេញបិណ្ឌបាត្របាន៕