ព័ត៌មានជាតិ

គម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងផ្ដល់ផលប្រយោជន៍ ប្រទេសក្នុងតំបន់ និងពិភពលោក

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា នឹងផ្ដល់ផលប្រយោជន៍ ដល់ប្រទេសក្នុងតំបន់ និងពិភពលោក។

ក្នុងជំនួបពិភាក្សាការងារអំពី គម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ជាមួយ គណៈប្រតិភូក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន(CRBC) ដឹកនាំដោយលោក Zhou Yong ប្រធានគ្រប់គ្រងទូទៅ ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់សារជាថ្មីអំពីសារសំខាន់ នៃគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា ដែលអាចជួយកាត់បន្ថយការចំណាយ លើការដឹកជញ្ជូននិងភស្តុភារកម្ម និងមានប្រសិទ្ធភាពជាមុន ព្រមទាំងងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុង ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងនេះ ចាំបាច់ត្រូវតែធ្វើឱ្យបានគ្រប់ជ្រុងជ្រោយ ដាក់ជូនទៅគណ:កម្មាធិការអន្តរក្រសួងពិភាក្សា មុននឹងរាយការណ៍ជូនដើម្បី រាជរដ្ឋាភិបាលកម្ពុជាពិនិត្យពិចារណា។ ការសិក្សាខ្នាតអន្តរជាតិនេះ ត្រូវធ្វើឡើងដើម្បីស្វែងរកដែគូវិនិយោគ ពីដៃគូអភិវឌ្ឍន៍ និងពីក្រុមហ៊ុននានា និងបានបន្ថែមថា “គម្រោងនេះមិនត្រឹមតែផ្ដល់ផលប្រយោជន៍ ដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែវានឹងផ្ដល់ផលប្រយោជន៍ ដល់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ”។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនសារជីវកម្មស្ពានថ្នល់ចិន(CRBC) និងក្រុហ៊ុនCCCC Water Transportation Consultants Co., Ltdដែលបានជួយជ្រោមជ្រែង ដល់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដើម្បីធានាឱ្យគម្រោងនេះអាច ដំណើរការទៅដោយរលូន និងជោគជ័យ ៕

To Top