ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការបើកសន្និបាតវិសាមញ្ញ គណបក្សប្រជាជនកម្ពុជា នាពេលនេះ ធ្វើឡើង ក្នុងគោលបំណងស្វែងរកចំណុចខ្លាំងនិងចំនុចខ្សោយ ដើម្បីបំពេញបន្ថែម ឈានទៅរកការឈ្នះឆ្នោត ឆ្នាំ២០២៣ ខាងមុខ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសន្និបាតវិសាមញ្ញ របស់គណៈកម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សន្និបាតនៅពេលនេះ បានបើកទូលាយ ទាំងគណៈកម្មាធិការកណ្ដាលផង និងមន្ត្រីនៅថ្នាក់មូលដ្ឋានមកចូលរួម ជាមួយផងដែរ ។
សម្ដេចប្រធានបានបន្តថា ដោយសារស្ថានភាព នៃវិបត្តិជំងឺកូវីដ-១៩ បានរំខានដល់ការជួបជុំរបស់យើង ហើយស្ថានភាពនេះបានធូស្រាល យើងក៏មានការជួបជុំនៅពេលនេះ។
សម្ដេចតេជោ បានបញ្ជាក់ថា “ការបើកសន្និបាតនាពេលនេះ ក៏ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយស្វែងរកហេតុនិងផល ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងមក ហើយនឹងពិភាក្សាពីគោលដៅ ដើម្បីបំពេញបន្ថែម ឈានទៅរកការឈ្នះឆ្នោត ក្នុងការបោះឆ្នោតតំណារាស្ត្រ នាឆ្នាំ២០២៣ ពេលខាងមុខនេះ”។
សូមរំលឹកថា រាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់យកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជាកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕