ភ្នំពេញ ៖ ដោយបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្រុមការងារ SOMTC-កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ (22nd SOMTC and Its Related Meetings) ចាប់ពីថ្ងៃទី១៩-២១ ខែកក្កដា ឆ្នាំ២០២២ តាមប្រព័ន្ធវិដេអូ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ កក្កដា បានឲ្យដឹងថា កិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ គឺវេទិកាសម្រាប់មន្ដ្រីជាន់ខ្ពស់ មកពីបណ្ដារដ្ឋសមាជិកអាស៊ាន ជួបពិភាក្សាលើកម្មវិធីការងារ និងពិនិត្យឡើងវិញ នូវផែនការសកម្មភាពដែលបានដាក់ចេញកន្លងមក ដើម្បីឈានទៅកំណត់ទិសដៅអនុវត្តបន្ដ ព្រមទាំងផ្លាស់ប្ដូរយោបល់ និងចែករំលែកបច្ចុប្បន្នភាពអំពីនិន្នាការ នៃឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់ ជាពិសេសលើវិស័យទាំង១០ ក្រោមក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការរបស់ SOMTS រួមមាន៖ ការរត់ពន្ធអាវុធ អំពើភេរវកម្ម ការសម្អាតប្រាក់ អំពើប្លន់លើផ្ទៃសមុទ្រ ការរត់ពន្ធមនុស្ស ការជួញដូរមនុស្ស បទល្មើសសេដ្ឋកិច្ចអន្ដរជាតិ បទល្មើសបច្ចេកវិទ្យា ការជួញដូរគ្រឿងញៀនខុសច្បាប់ និងការជួញដូរសត្វព្រៃ និងឈើខុសច្បាប់។
លើសពីនេះទៀត ក្នុងក្រខណ្ឌនៃកិច្ចប្រជុំលើកទី២២ នេះដែរ ក្រុមការងារ SOMTC-កម្ពុជា ក៏នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំលើកទី១៩ រវាងមន្ដ្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ជាមួយដៃគូសន្ទនា ចិន-ជប៉ុន-កូរ៉េខាងត្បូង (19th SOMTC+3)៕