ភ្នំពេញ៖ អង្គសន្និបាត របស់គណបក្សប្រជាជនកម្ពុជា (CPP) នាថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ បានអំពាវនាវដល់ក្រុមការងារ គណបក្សចុះមូលដ្ឋាន គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក មន្ត្រី សមាជិក សមាជិកានៃគណបក្សទាំងមូល បន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ និងសាមគ្គី ភាពឯកភាពផ្ទៃក្នុង បន្តជំរុញសកម្មភាពដោយឥតថមថយ ប្រកបដោយប្រសិទ្ធភាព។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃសន្និបាត គណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា “អង្គសន្និបាតអំពាវនាវដល់ក្រុមការងារគណបក្សចុះមូលដ្ឋាន គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក មន្ត្រី សមាជិក សមាជិកានៃគណបក្សទាំងមូល សូមបន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ និងសាមគ្គី ភាពឯកភាពផ្ទៃក្នុង បន្តជំរុញសកម្មភាព ដោយឥតថមថយប្រកបដោយ ប្រសិទ្ធភាពទាំងការអនុវត្តកម្មវិធី នយោបាយ ទាំងការកសាងពង្រឹងគណបក្ស ទាំងការផ្សារភ្ជាប់ជាមួយមូលដ្ឋាន ខិតខំបម្រើប្រជាជនអស់ពីចិត្តពីថ្លើម តាម តួនាទី និងភារកិច្ចរបស់ខ្លួន ដែលឆ្លើយតបទាំងស្រុងទៅនឹងសំណូមពរ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន”។
លើសពីនេះ អង្គសន្និបាត CPP ក៏អំពាវនាវដល់ជនរួមជាតិទាំងមូលទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស សូមបន្តរួមសាមគ្គីគ្ន ជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួម សាមគ្គីជុំវិញរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បី ថែរក្សាសន្តិភាព ការពាររាល់សមិទ្ធផលនៃសង្គមជាតិ និងបន្តកសាងមាតុភូមិជាទីស្នេហានៃយើងឱ្យកាន់តែ រីកចម្រើនស្រស់បំព្រងឡើង។ ព្រមជាមួយនេះ សូមជនរួមជាតិបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការនានា ដែល រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសវិធានការ “៣ការពារ ៣កុំ” និងការទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នាកុំបីខាន ដើម្បីការពារមិនឲ្យជំងឺកូវីដ-១៩ អាចឆ្លងរាលដាលជាថ្មីទៀតបាន។ អង្គសន្និបាតប្រគល់ភារកិច្ចជូនគណៈអចិន្ត្រៃយ៍ ដើម្បីដឹកនាំអនុវត្តសេចក្តីសម្រេចនៃសន្និបាតគណៈកម្មា ធិការកណ្ដាលវិសាមញ្ញនេះឱ្យទទួលបានលទ្ធផលល្អប្រសើរ៕