ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារសង្គ្រាះ របស់ក្រុមហ៊ុន GTVC ជួយស្វែងរកអ្នកនេសាទម្នាក់ កំពុងបាត់ខ្លួនក្នុងសមុទ្រ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់បញ្ជូនអូប័រនិងក្រុមការងារសង្គ្រាះ របស់ក្រុមហ៊ុនរបស់ខ្លួន ចេញទៅជួយស្វែងរកបុរសឦអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ បាត់ខ្លួនក្នុងសមុទ្រ ។

តាមការលើកឡើង របស់លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានអោយដឹងថា លោកឧកញ៉ា បានបញ្ជូនក្រុមការងារ និងអូប័ររបស់ក្រុមហ៊ុនលោកឧកញ៉ា សហការជាមួយកម្លាំងនគរបាល ចរាចរណ៍ផ្លូវទឹក ចេញទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ ទៅក្នុងទឹកសមុទ្រហើយបាត់ខ្លួន ក្នុងលម្ហសមុទ្រ តាមការស្នើសុំ ពីក្រុមគ្រួសារជនរងគ្រោះ។

សេចក្តីរាយការណ៍ ពីក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា បុរសរងគ្រោះគឺជាកម្មករនេសាទ បានធ្លាក់ពីលើទូកនេសាទប្រភេទម៉ង​អូស ចូលទៅក្នុងសមុទ្រ នៅចំនុចចន្លោះពយក្បាលខ្មោច(អៅតាផេង) និងកោះតាទឹម កាលពីថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៧យប់ រួចក៏បាត់ខ្លួន។

ជនរងគ្រោះឈ្មោះ លី ថេង ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាកូនដៃទូក​ មានស្រុកកំណេីតនៅភូមិសាវង្ស​ ឃុំតាចេស​ ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ បច្ចុប្បន្នស្នាក់នៅផែជលផល ទំនប់រលក នៅភូមិ​៣ សង្កាត់១​ ក្រុង-ខេត្តព្រះសីហនុ​ ។

គួរបញ្ជាក់ថា រហូតមកត្រឹមព្រលប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ នៅមិនទាន់ប្រទះឃើញជនរងគ្រោះនៅឡើយហើយក៍មិនទាន់ដឹង ពីជោគវាសនារបស់ជនរងគ្រោះ ថាយ៉ាងណានៅឡើយ ចំណែកការស្វះស្វែងរកជនរងគ្រោះកំពុងធ្វើជាបន្តទៀត ដោយក្រុមសង្គ្រោះក្រុមហ៊ុនលោកឧកញ៉ា ទៀ វិចិត្រ សហការ ជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក នៅតែបន្តស្វែងរក។

ជាមួយគ្នានេះលោកឧកញ៉ា ទៀ វិចិត្រ ប្រកាសប្រាប់បងប្អូនប្រជានេសាទ ក្នុងសមុទ្រផងដែរថា ក្នុងករណីប្រទះឃើញជនរងគ្រោះ នៅចំណុចណាមួយ សូមជួយរាយការណ៍ មកក្រុមសង្គ្រោះតាមទូរសព្ទ័លេខ 012 964 893 ៕

To Top