ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានប្ដេជ្ញាធ្វើកិច្ចការរួមគ្នា ដើម្បីភាពជោគជ័យ នៃភាពជាប្រធានអាស៊ាន របស់កម្ពុជា ។
ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក ប្រាក់ សុខុន និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ។ ជំនួបនេះក៏បានផ្ដោតលើការពង្រឹង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ក៏ដូចជារវាងអាស៊ាន-ជប៉ុន និងការត្រៀមរៀបចំសម្រាប់ ភាពជោគជ័យនៃកិច្ចប្រជុំ រដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងត្រូវរៀបចំដោយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន។
ក្នុងក្របខ័ណ្ឌទ្វេភាគី ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ បានពិភាក្សាអំពីកម្មវិធីបណ្តោះអាសន្ននៃដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi ជាពិសេសអំពីសំណើសុំចូលជួប សម្តែងការគួរសមចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន, ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ, ការចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ ឥណទានសម្បទានប្រាក់យ៉េនរបស់ជប៉ុន និងសកម្មភាពផ្សេងៗទៀត។
លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូត ក៏បានលើកឡើងផងដែរអំពី ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។
កិច្ចប្រជុំសន្និសីទក្រោយកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន+ជប៉ុន (ASEAN PMC + Japan), កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ លើកទី២៣, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១២, វេទិកាតំបន់អាស៊ាន (ARF) លើកទី២៩, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ- ជប៉ុន លើកទី១៥, សិក្ខាសាលាដែលត្រូវបានស្នើឡើង ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងបញ្ហាសំខាន់ៗមួយចំនួនដែលទាក់ទងនឹងកិច្ចប្រជុំទាំងនេះ ក៏ត្រូវបានពិភាក្សាដោយលោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូតផងដែរ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ក្នុងកិច្ចពិភាក្សានេះថា «ក្នុងនាមជាប្រធាននៃ កិច្ចប្រជុំពាក់ព័ន្ធទាំងអស់ និងដោយមានកិច្ចសហប្រតិបត្តិការ និងការយោគយល់ពីប្រទេស ដែលចូលរួមទាំងអស់ កម្ពុជានឹងព្យាយាមធ្វើឲ្យល្អបំផុតតាមអាចធ្វើបាន ដើម្បីធ្វើឲ្យកិច្ចប្រជុំមានដំណើរការរលូន និងមានភាពងាយស្រួល ដល់អ្នកចូលរួមទាំងអស់» ។
ទាក់ទិនបញ្ហានេះដែរ ឯកអគ្គរដ្ឋទូត មិកាមិ ម៉ាសាហ៊ីរ៉ូ ក៏បានធានាអះអាងជាថ្មី ចំពោះលោកឧបនាយករដ្ឋមន្រ្តី អំពីការគាំទ្រយ៉ាងពេញលេញរបស់ជប៉ុន សម្រាប់ភាពជោគជ័យនៃ ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ៕