ព័ត៌មានជាតិ

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តទទួលយក សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្ម

ភ្នំពេញ ៖ មុនដាក់ឲ្យរដ្ឋសភា អនុម័យជាផ្លូវការ ដើម្បីឲ្យព្រះមហាក្សត្រ ឡាយព្រះហស្តលេខា ប្រកាសដាក់ឲ្យប្រើប្រាស់នោះ សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មលើមាត្រាចំនួន៨ បានមកដល់ដៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាហើយ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ តាមរយៈការបើកកិច្ចប្រជុំអនុម័ត ។

ក្នុងកិច្ចប្រជុំដឹកនាំដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាង ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្ម និងសេចក្តីព្រាង ចំនួន៣ផ្សេងទៀត ដែលជាសំណើ របស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការ ជំនាញរដ្ឋសភា ពិនិត្យសិក្សា ។

ទោះបីជាស្ថិតក្នុងភាព ចម្រូងចម្រាស់រវាងរាជរដ្ឋាភិបាល និងបក្សប្រឆាំង ព្រមទាំងអង្គការសង្គម ស៊ីវិលក៏ដូចជាអ្នកតាមដាន សង្គមយ៉ាងណាក៏ដោយ ក៏វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ត្រូវបានគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាទទួលយកមកពិនិត្យ កាលពីថ្ងៃ១៣ កក្កដា ។

សេចក្ដីព្រាងច្បាប់ ធម្មនុញ្ញស្តីពីវិសោធនកម្មទាំង៨មាត្រានោះ មាន ៖ មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយនិងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានា នូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ៕

To Top