ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការ បង្ក្រាបករណី ជួញដូរគ្រឿងញៀន ចាប់ខ្លួន ១១នាក់ និងរឹបអូសគ្រឿងញៀនជាង ៤៤គីឡូក្រាម នៅទីតាំងចំនួន ៥ ។
ជាក់ស្ដែងកាលពីថ្ងៃទី១៣-១៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្ដមសេនីយ៍ទោ អ៊ិន សុង និងវរសេនីយ៍ទោ ពុធ ស៊ុនរស្មី នាយករងមន្ទីរ និងមានការចូលរួមពីកម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលរាជាធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បានប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណី រក្សាទុក ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន ៥គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ។
គោលដៅទាំង ៥នោះរួមមាន៖ ទី១: នៅចំណុច សួនច្បារមាត់ទន្លេមុខវំាង ផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងចាប់យកសារធាតុញៀនប្រមាណ១គីឡូ ។ ទី២: នៅចំណុច ខុនដូឃ្វីន បន្ទប់ជួលលេខ៦០២ជាន់ទី៦ ផ្លូវលេខ៣០៨ ស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងចាប់យកសារធាតុញៀនប្រមាណ ជាង៣គីឡូ។ ទី៣: បានបន្តពន្លាតដែនដីទៅខេត្តបន្ទាយមានជ័យ នៅចំណុច មុខសណ្ឋាគារហាក់ហួត២ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ និងចាប់យកសារធាតុញៀន ២០កញ្ចប់ធំ ប្រមាណ២០គីឡូក្រាម ។ ទី៤: នៅចំណុច ផ្ទះ៨០៣ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០១នាក់និងដកហូតថ្នាំញៀន០៣កញ្ចប់ធំ ប្រមាណ៣គីឡូក្រាម។ ទី៥: នៅចំណុច ខ្ទមចំការស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៤នាក់និងដកហូតថ្នាំញៀន២០កញ្ចប់ធំ ប្រមាណ២០គីឡូក្រាម។
វត្ថុតាងគ្រឿងញៀនចាប់យកបានរួមមាន៖ កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ១គីឡូនិង៩៥២ក្រាម, មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៤២គីឡូ និង៨៥៨ក្រាម, អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ១០៦ក្រាម ។ សរុប ៤៤គីឡូ និង៩១៦ក្រាម ។
មធ្យោបាយសម្ភារៈចាប់យករួមមាន៖ រថយន្ត ២គ្រឿង, ម៉ូតូ ២គ្រឿង, អាវុធខ្លី ១ដើម, គ្រាប់បែក ១គ្រាប់, ជញ្ជីងថ្លឹង ៣គ្រឿង និហទូរស័ព្ទដៃ ៧គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី ៕