ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យប្រឡាយ រិះរកវិធានការ រំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀង (Video)

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ ដូចជាអាជ្ញាធរខណ្ឌ នៅព្រឹកថ្ងៃទី១៩ កក្កដា ឆ្នាំ២០២២នេះ ជាង៣ម៉ោង ចុះពិនិត្យប្រឡាយទឹក ដើម្បីរិះរកវិធានការ រំដោះការលិចលង់ ភូមិឋានប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀងនារដូវវស្សា។

ក្នុងឱកាសចុះពិនិត្យនោះ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌមានជ័យ និងខណ្ឌទួលគោក ចុះពិនិត្យស្ថានីយបូមទឹកបឹងទំពុន ខណ្ឌមានជ័យ ដើរតាមមាត់ប្រឡាយ រហូតមកដល់ប្រឡាយបឹងសាឡាង ផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាង ដោយបញ្ចប់ នៅម៉ោងជាង១២ថ្ងៃត្រង់។

ក្នុងការចុះពិនិត្យមើលប្រឡាយទឹកនេះដែរ លោក ឃួង ស្រេង បានជំរុញក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹក និងឧត្តុនិយមរាជធានីភ្នំពេញ សហការគ្នាធ្វើយ៉ាងណា ស្ដារប្រឡាយបឹងទំពុន ប្រឡាយស្ទឹងមានជ័យ និងប្រឡាយបឹងសាឡាង បានលឿន ដើម្បីបង្ការ ក៏ដូចជាអាចរំដោះទឹក បាននារដូវវស្សានេះ ពិសេសនៅប្រមាណ៣ទៅ៤ថ្ងៃខាងមុខនេះ ។ បើតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧត្តុនិយម នៅរាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ខ្លាំង ដែលត្រូវតែត្រៀមលក្ខណៈ ដើម្បីទប់ទល់កុំឲ្យលិចលង់ខ្លាំង ដោយជំនន់ទឹកភ្លៀងនេះ ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង បានលើកឡើងថា បញ្ហាលិចលង់ភូមិឋាន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ជាកង្វល់របស់អាជ្ញាធររាជធានី និងមន្ទីរពាក់ព័ន្ធ ដូច្នេះ ទាំងអាជ្ញាធរនិងមន្ទីរ ជំនាញទាំងអស់ត្រូវតែរួមគ្នា រិះរកគ្រប់មធ្យោបាយនាំទឹក ទៅដល់ស្ថានីយបូមទឹក នោះការលិចលង់ នឹងអាចដោះស្រាយបាន ។ ចំពោះមុខនេះ ត្រូវស្តារ កាយប្រឡាយទឹកហូរ ឲ្យបានលឿនមកស្ថានីយបឹងទំពុន និងមួយផ្នែកទៀត ត្រូវស្តារ និងកាយប្រឡាយទឹកនេះ ហូរទៅប្រឡាយបារាំង ដើម្បីទឹកហូរលឿន ទៅដល់ស្ថានីយបូមទឹកលូប្រាំ ។

គួរបញ្ជាក់ថា នៅពេលនេះ ក្រុមការងារនៃមន្ទីរសាធារណការភ្នំពេញ សហការជាមួយមន្ទីរធនធានទឹក ភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការកាយស្តារប្រឡាយបឹងទំពុន ក្នុងគោលបំណងឲ្យទឹកហូរបានលឿន ដែលអាចរំដោះទឹកបាននៅរដូវវស្សានេះ ៕

To Top