ព័ត៌មានជាតិ

កម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ មន្ដ្រីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្ម ឆ្លងដែន លើកទី២២

ភ្នំពេញ ៖ ក្រុមការងារក្រសួងមហាផ្ទៃ ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន (SOMTC) នៅរសៀលថ្ងៃ១៩ កក្កដា នេះ បាននិងកំពុងដឹកនាំ រៀបចំកិច្ចប្រជុំ មន្ដ្រីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ និង កិច្ចប្រជុំពាក់ព័ន្ធ (22nd SOMTC and Its Related Meetings) ចាប់ពីថ្ងៃទី១៩-២១ ខែកក្កដា ឆ្នាំ២០២២ តាមប្រព័ន្ធវិដេអូ ។

កិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ ដឹកនាំដោយលោក នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា ដោយមានការចូលរួម ពីអនុប្រធាន សមាជិក នៃក្រុមការងារ SOMTC ព្រមទាំងមន្ត្រីបង្គោល ទទួលផែនការងារ ពាក់ព័ន្ធផងដែរ ។

គួរបញ្ជាក់ថា កិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ គឺវេទិកាសម្រាប់មន្ដ្រីជាន់ខ្ពស់ មកពីបណ្ដារដ្ឋ សមាជិកអាស៊ាន ជួបពិភាក្សាលើកម្មវិធីការងារ និងពិនិត្យឡើងវិញ នូវផែនការសកម្មភាព ដែលបានដាក់ចេញកន្លងមក ដើម្បីឈានទៅកំណត់ទិស ដៅអនុវត្តបន្ដ ព្រមទាំងផ្លាស់ប្ដូរយោបល់ និងចែករំលែកបច្ចុប្បន្នភាព អំពីនិន្នាការនៃឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់ ជាពិសេសលើវិស័យទាំង១០ ក្រោមក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ របស់ SOMTS រួមមាន ៖ ការរត់ពន្ធអាវុធ អំពើភេរវកម្ម ការសម្អាតប្រាក់ អំពើប្លន់លើផ្ទៃសមុទ្រ ការរត់ពន្ធមនុស្ស ការជួញដូរមនុស្ស បទល្មើសសេដ្ឋកិច្ចអន្ដរជាតិ បទល្មើសបច្ចេកវិទ្យា ការជួញដូរគ្រឿងញៀនខុសច្បាប់ និងការជួញដូរសត្វព្រៃ និងឈើខុសច្បាប់។

លើសពីនេះទៀត ក្នុងក្រខណ្ឌ នៃកិច្ចប្រជុំលើកទី២២ នេះដែរ ក្រុមការងារ SOMTC-កម្ពុជា ក៏នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំលើកទី១៩ រវាងមន្ដ្រីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ជាមួយដៃគូសន្ទនា ចិន-ជប៉ុន-កូរ៉េខាងត្បូង (19th SOMTC+3)៕

To Top