ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើសកលវិទ្យាល័យ Krirk បន្តពិភាក្សាជាមួយ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដើម្បីជ្រើសរើសនិស្សិតខ្មែរខ្មែរ ទៅសិក្សានៅប្រទេសថៃ។

នាឱកាសចូលជួបសម្ដែងការ និងពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ លោក Krasae Chanawougse សកលវិទ្យាធិការ នៃសកលវិទ្យាល័យ Krirk និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី បានលើកឡើងថា បំណងរបស់លោកមកកម្ពុជា ប្រាប់សម្ដេចពីវឌ្ឍនភាព នៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយ មកដល់ពេលនេះ បានក្លាយខ្លួនទៅជាមជ្ឈមណ្ឌលអន្តរជាតិ , ផ្តល់អាហារូបករណ៍ឈ្មោះ សម្ដេចតេជោ ចំនួន៤០ ដែលអាហារូបករណ៍នោះ មានបញ្ចូលទាំងថ្លៃសាលា ថ្លៃស្នាក់នៅ អាហារ៣ពេល និងប្រាក់ឧបត្ថម្ភសម្រាប់សិស្សទៅសិក្សានៅប្រទេសថៃ និងសុំការអនុញ្ញាតជួបសម្ដេចតេជោ សារជាថ្មីនាឆ្នាំក្រោយ ។

ជាការឆ្លើយតប សម្ដេចតេជោ អបអរសាទរដែលមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ត្រូវបានក្លាយជាមជ្ឈមណ្ឌលអន្តរជាតិ។ សម្តេចតេជោ បានផ្ដល់ជាអនុសាសន៍ថា គប្បីធ្វើយ៉ាងណាជំរុញឲ្យអង្គការនេះ មានសកម្មភាពដោះស្រាយទប់ស្កាត់គ្រោះមហន្តរាយជាក់លាក់។

សម្តេចតេជោ ថ្លែងអំណរគុណលោក Krasae Chanawougse បានផ្ដល់អាហារូបករណ៍ដាក់ឈ្មោះ សម្ដេចសម្រាប់សិស្សកម្ពុជា ទៅសិក្សានៅថៃ។ សម្ដេចថា «សុំឲ្យឯកឧត្ដម បន្តពិភាក្សាជាមួយ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជ្រើសរើសសិស្សកម្ពុជាទៅសិក្សានៅប្រទេសថៃ»។
ដោយឡែក ចំពោះការស្នើសុំជួបសម្ដេចតេជោ សារជាថ្មី នៅឆ្នាំក្រោយនោះ សម្តេចតេជោអនុញ្ញាតឲ្យជួប៕
