ភ្នំពេញ ៖ “កម្ពុជា-អាមេរិក អាចនឹងប្រឈមមុខដាក់គ្នា បើច្បាប់ ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា (S.3052) ត្រូវបានអនុម័ត ហើយនឹងចូលជាធរមាន នៅពេលប្រធានាធិបតីសហរដ្ឋអាមេរិក យល់ព្រម” ។ នេះជាការលើកឡើងរបស់លោក មាជ សុវណ្ណារ៉ា អតីតអ្នកនយោបាយ របស់អតីតគណបក្សសង្រ្គោះជាតិ។
ការលើកឡើងរបស់លោកនេះ បន្ទាប់ពីគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសរបស់ព្រឹទ្ធសភាអាមេរិក បានអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា លេខS.3052 ឆ្នាំ២០២១ (Cambodia Democracy and Human Rights Act of 2021) នៅរសៀលថ្ងៃ ទី១៩ ខែកក្កដា ឆ្នាំ២០២២ ។ ប៉ុន្តែគេមិនទាន់ដឹងថា សេចក្ដីស្នើច្បាប់នេះ នឹងចូលជាធរមាន ឬយ៉ាងណានៅឡើយទេ ដោយសេចក្តីស្នើច្បាប់នេះ នឹងត្រូវលើកយកទៅអនុម័ត នៅក្នុងព្រឹទ្ធសភាពេញអង្គនៅពេលខាងមុខ ។ ប្រសិនបើច្បាប់នេះ ត្រូវបានអនុម័ត នឹងបង្ហាញឥទ្ធិពលនយោបាយ ក្នុងការដាក់ទណ្ឌកម្ម ឬបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការរបស់មន្រ្តីជាន់ខ្ពស់កម្ពុជា ទាំងឡាយណាប្រព្រឹត្ពអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និងបំផ្លាញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ នេះបើតាមលោក មាជ សុវណ្ណារ៉ា ។
លោកបន្តថា “ប្រសិនបើព្រឹទ្ធសភាអាមេរិក នឹងអនុម័តទៅលើសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ស្តីពីកម្ពុជាមែននោះ នឹងមិនទាន់ក្លាយទៅជាច្បាប់សម្រាប់អនុវត្តបានទេ ប្រសិនបើគ្មានការចុះហត្ថលេខាយល់ព្រមលើសេចក្តីស្នើច្បាប់ ដោយប្រធានាធិបតីសហរដ្ឋអាមេរិក ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី បើយោងតាមរដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិក ក៏បានផ្តល់សិទ្ធិអំណាចឲ្យប្រធានាធិបតី (VETO)ច្រានចោលផងដែរ ទៅលើសេចក្តីស្នើច្បាប់ដែលអនុម័តដោយព្រឹទ្ធសភា ប្រសិនបើសេចក្តីស្នើច្បាប់នោះមិនចាំបាច់ ហើយនាំឲ្យខាតផលប្រយោជន៍អាមេរិក ក្នុងគោលនយោបាយការបរទេស សន្តិសុខ ឬសេដ្ឋកិច្ចរបស់ខ្លួន នៅពេលរដ្ឋបាលរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី មានទំនាក់ទំនងល្អជាមួយប្រទេសណាមួយ ឬក៏គូភាគីនៃប្រទេសនោះ អាចមានការចរចាឬក៏កិច្ចព្រមព្រៀងយោគយល់ដល់គ្នា នៃពិធីសារក្នុងកំណែទម្រង់ ឬលក្ខខណ្ឌណាមួយជាមួយគ្នា។ ដូចជាករណីកម្ពុជា បើសិនជាប្រធានាធិបតីមិនចុះហត្ថលេខា ទៅលើសេចក្តីស្នើច្បាប់ដែលអនុម័តដោយសភាទាំងពីរនោះ គឺវាហាក់គ្មានប្រសិទ្ធភាព ។ ប៉ុន្តែច្បាប់នេះនៅតែស្ថិត នៅជាធរមានសម្រាប់ជាច្បាប់ក្នុងការរក្សាទុក ទៅអនុវត្តលើកក្រោយៗ នៅពេលមានការយល់ព្រម និងចុះហត្ថលេខាពីប្រធានាធិបតី” ។
លោកឲ្យដឹងទៀតថា កន្លងមកអាមេរិក តាមរយៈក្រសួងការបរទេសអាមេរិកក្តី ឬតាមរយៈការិយាល័យអ្នកនាំពាក្យនៃសតវិមានប្រធានាធិបតីអាមេរិកក្តី តែងតែក្រើនរំលឹកឲ្យកម្ពុជា គោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស រហូតដល់ការដាក់ទណ្ឌកម្មដល់មន្រ្តីជាន់ខ្ពស់កម្ពុជាផងដែរ និងចង់ឃើញកម្ពុជា ងាកទៅរកការបើកផ្លូវលំហរសេរីភាពនៃសិទ្ធិបញ្ចេញមតិតាមឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត និងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ជាមួយការដោះលែង ឬទម្លាក់បទចោទ លោក កឹម សុខា ឲ្យមានសិទ្ធិចូលរួមនយោបាយ ដោយកម្ពុជានឹងអាចទទួលបានអត្ថប្រយោជន៍ពីបញ្ហាខាងលើនេះ ។
អ្នកវិភាគថា ច្បាប់ខាងលើនេះ នឹងបង្ហាញជារូបភាពខាងផ្លូវនយោបាយ ដល់ការលើកកម្លាំងចិត្តដល់ក្រុមអ្នកប្រឆាំងនៅកម្ពុជាតែប៉ុណ្ណោះ? វាមិនមែនសម្រាប់រដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលកម្ពុជានៅក្នុងពេលនេះទេ ខណៈប្រទេសទាំងពីរកំពុងកសាងទំនាក់ទំនងល្អជាមួយគ្នាឡើងវិញ តាមរយៈនយោបាយការទូតបែបស្ងៀមស្ងាត់ និងស៊ីជម្រៅ ក្នុងការជជែកចរចាគ្នាត្រង់ទៅត្រង់មក ដែលគ្មានការវាយប្រហារបំបាក់មុខមាត់គ្នាជាសាធារណៈទៀតឡើយ ។
គួរបញ្ជាក់ដែរថា សេចក្ដីស្នើច្បាប់លេខ S.3052 នេះតាក់តែងឡើងដោយសមាជិកព្រឹទ្ធសភាលោក Markey Edward ពីរដ្ឋម៉ាសាជូសេត Massachusetts) លោក Marco Rubio ពីរដ្ឋ Florida និងលោក Dick Durbin ពីរដ្ឋ Illinois ។ ដោយច្បាប់នេះ ក៏តម្រូវឲ្យមានការតាមដានសកម្មភាព ឬឥទ្ធិពលរបស់ចិននៅកម្ពុជា ជាពិសេសដំណើរការសាងសង់មូលដ្ឋានកងទ័ពជើងទឹកចិននៅឆ្នេរសមុទ្ររាមក្នុងខេត្តព្រះសីហនុ និងក្នុងឧទ្យានជាតិតារាសាគរក្នុងខេត្តកោះកុង ដែលអាចធ្វើឲ្យប៉ះទង្គិចទៅដល់ផលប្រយោជន៍នៃសម្ព័ន្ធមិត្តរបស់អាមេរិក នៅក្នុងតំបន់ភូមិសាស្រ្តនយោបាយផងដែរ ៕