ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងជួសជុលមហាវិថីឈ្នះឈ្នះ ជាង៧គីឡូម៉ែត្រ ឲ្យរួចរាល់មុនស៊ីហ្គេម

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការជួសជុល កំណាត់មហាវិថីឈ្នះឈ្នះ ដែលមានប្រវែងជាង៧គីឡូម៉ែត្រឡើងវិញ ដើម្បីសម្រួលចរាចរណ៍ និងលើកសោភណ្ឌភាពរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពស្រស់ស្អាត ឲ្យបានរួចរាល់មុនការប្រកួតកីឡាស៊ីហ្គេម នៅចុងឆ្នាំ២០២៣ខាងមុខ។

ក្នុងកិច្ចប្រជុំលើគម្រោង នៃការជួសជុលកំណាត់ មហាវិថីឈ្នះឈ្នះ នៅថ្ងៃទី២០ កក្កដានេះ ជាមួយមន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា កំណាត់មហាវិថីឈ្នះឈ្នះ ត្រូវតែជួសជុលឡើងវិញឲ្យស្អាត ជាមួយនឹងការរៀបចិញ្ចឹមផ្លូវ សួន និងការដាក់ប្រព័ន្ធលូ សងខាងផ្លូវផងដែរ លោកថា គម្រោងនេះត្រូវតែធ្វើឲ្យបានលឿន ពោលគឺត្រូវតែរួចរាល់នៅមុន ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោក ឃួង ស្រេង ក៏បានជម្រុញក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវជួសជុលផ្លូវនេះ ប្រកបដោយសោភណ្ឌភាព និងត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ជាមួយការដាក់លូ ដែលអាចឲ្យទឹកហូរ មិនមានដក់លើផ្លូវ។

ជាមួយគ្នានោះដែរ ប្រធានមន្ទីរសាធារណការភ្នំពេញ បានបញ្ជាក់ថា កំណាត់មហាវិថីឈ្នះឈ្នះ ដែលត្រូវជួសជុលឡើងវិញនេះ មានប្រវែង ៧៣៤០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦A រហូតដល់ស្ពានព្រែកព្នៅ ។ ចំពោះការជួសជុស ត្រូវចាក់បេតុងឆ្អឹងដែក រួចអ៊ុតកៅស៊ូ(AC) ពីរស្រទាប់ ដាក់ព័ន្ធលូចាប់ពីគល់ស្ពាន ព្រែកព្នៅ ដល់ផ្លូវជាតិលេខ៦A រៀបខឿន និងរៀបចិញ្ចើមផ្លូវថ្មើរជើង ដោយក្រាលថ្មក្រានីតសងខាងផ្លូវ ជាមួយការងារគូសគំនូសសញ្ញាចរាចរណ៍ ,តម្លើងផ្លាកសញ្ញាចរាចរ, តម្លើងបង្គោលអគ្គិសនីបំភ្លឺផ្លូវ នៅបណ្ដោយសងខាងផ្លូវ និងការរៀបសួនច្បារ កណ្ដាលទ្រូងផ្លូវផងដែរ។

គួរបញ្ជាក់ថា កម្ពុជាបានកំពុងធ្វើដំណើរឆ្ពោះ ទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ ខាងមុខ ខណៈពហុកីឡដ្ឋានជាតិមរតកតេជោ បាននិងកំពុងបង្អួតរាងយ៉ាងថ្មីសន្លាង ។ ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា មិនត្រឹមជាមុខមាត់ខ្មែរប៉ុណ្ណោះទេ តែវាជាឱកាសដែលកម្ពុជា ស្តារវិស័យទេសចរណ៍ខ្លួនផង និងអាស៊ានផង ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top