ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា គណៈកម្មការជំនាញរដ្ឋសភា បានទទួលញត្តិ របស់គណបក្ស នយោបាយចំនួន៤ ពាក់ព័ន្ធនឹងការស្នើមិនឲ្យអនុម័ត ការធ្វើវិសោនធកម្មច្បាប់ រដ្ឋធម្មនុញ្ញរួចហើយ ។
លោក ឡេង ប៉េងឡុង បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃ២១ កក្កដា ថា រដ្ឋសភា បានទទួលញត្តិពីគណបក្ស នយោបាយ ចំនួន៤រួចហើយ ។ អ្នកនាំពាក្យបញ្ជាក់យ៉ាងដូច្នេះថា «សភាបានទទួលហើយចំពោះញត្តិ របស់គណបក្ស នយោបាយចំនួន៤នេះ ។ ខ្ញុំយល់ថា នេះក៏ដូចជាញត្តិ របស់ប្រជាជន ធម្មតាអីចឹង មិនមែនជាច្បាប់ទេ ដូច្នេះហើយគណៈកម្មការទី១ រដ្ឋសភាជាអ្នកទទួល ហើយគណៈកម្មការនេះ នឹងចាត់ការទៅតាមនីតិវិធី»។
ពាក់ព័ន្ធនឹងលើកឡើង របស់គណបក្សនយោបាយទាំង៤ថា ការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញលើកទី១០នេះ ជាការធ្វើឲ្យខាតបង់ប្រយោជន៍ជាតិ និងប៉ះពាល់ដល់ការស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត ត្រូវបានអ្នកនាំពាក្យតបថា ការលើកឡើង របស់គណបក្សនយោបាយទាំង៤គឺជាមតិមួយ ហើយគណៈកម្មការជំនាញរដ្ឋសភា នឹងចាត់ការតាមនីតិវិធី ។
លោកគូសបញ្ជាក់ថា «ញត្តិនេះ គឺជាមតិមួយដូចជាប្រជាជនទូទៅអីចឹង គឺថាប្រជាជនមានសិទ្ធិបញ្ចេញមតិ ហើយនេះជាមតិគាត់ វាជាញត្តិមិនមែនជាច្បាប់ នោះទេ មិនអាចចាប់បង្ខំបានទេ ហើយសភានឹងធ្វើ តាមនីតិវិធី»។
យ៉ាងណាក្តី អ្នកនាំពាក្យរដ្ឋសភា មិនបានបញ្ជាក់ច្បាស់ថា ញត្តិរបស់គណបក្សនយោបាយទាំងនេះ រដ្ឋសភានឹងច្រានចោលឬយ៉ាងណានោះទេ ។ តែអ្នកនាំពាក្យនៅតែអះអាងដដែលថា គណៈកម្មការជំនាញរដ្ឋសភានឹងចាត់ការតាមនីវិធី ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យរដ្ឋសភា បានអះអាងថា សេចក្តីព្រាងវិសោធនកម្មច្បាប់ធម្មនុញ្ញចំនួន៨មាត្រានេះ បានកំពុងស្ថិតក្នុងដៃ គណៈកម្មការជំនាញរដ្ឋសភាដើម្បីសិក្សា និងពិនិត្យ។
លោកបញ្ជាក់ថា «ពេលនេះគណៈកម្មការជំនាញ បានកំពុងពិនិត្យសម្រេច ហើយយើងមិន អាចជម្រាបបានទេថា នៅពេលណាសេចក្តីព្រាងច្បាប់នេះ ដាក់ចូលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និងសម្រេចដាក់ចូលក្នុងរបៀបវារៈ ក្នុងសម័យប្រជុំបាននោះទេ» ។
សូមបញ្ជាក់ថា ក្រុមគណបក្ស នយោបាយនៅក្រៅរដ្ឋាភិបាលចំនួន៤ គឺគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យ មូលដ្ឋាន នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានរួមគ្នាដាក់ញត្តិមួយច្បាប់ជូនសភា ដើម្បីស្នើកុំឲ្យអនុម័ត វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ៕