ព័ត៌មានជាតិ

ពន្ធដារ អនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំ បង់ពន្ធផ្លូវឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ ករណីបានចុះបញ្ជីយានយន្ត

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចអនុញ្ញាត ឲ្យរថយន្តចង្កូតស្តាំ បង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ ក្នុងករណីបានចុះបញ្ជីយានយន្ត នៅក្រសួងសាធារណការ និងដឹកជញ្ជូន រួចរាល់ ។

ការសម្រេចនេះធ្វើឡើងដោយ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុគ្រោះ ឲ្យម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ ក្នុងប្រទេសដែលនៅសេសសល់ ចូលមកបំពេញកិច្ចពន្ធ និងអាករ ដោយពុំចាំបាច់កែច្នៃចង្កូតពីស្តាំមកឆ្វេង ។

ពន្ធដារបញ្ជាក់ថា «អនុញ្ញាតឲ្យម្ចាស់រថយន្តចង្កូតស្តាំគ្រប់ប្រភេទ បង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ សម្រាប់រថយន្តដែលបានអនុវត្តពេញលេញតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការអនុញ្ញាតឲ្យបង់ពន្ធនិងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុង ប្រទេសដែលនៅសេសសល់ និងសេចក្ដីណែនាំ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការអនុញ្ញាតឲ្យចុះបញ្ជីផ្តល់បណ្ណយានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ លើរថយន្តចង្កូតស្តាំមានស្រាប់ក្នុងប្រទេស» ។

អគ្គនាយកដ្ឋានពន្ធដារ បន្ថែមថា ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ម្ចាស់រថយន្តត្រូវអញ្ជើញមក ដាក់លិខិតប្រកាសនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ឬធនាគារអេស៊ីលីដា ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ បណ្ណសម្គាល់យានជំនិះ និងវិញ្ញាបនបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត (សៀវភៅឈៀក) ដែលចេញដោយក្រសួងសាធារណការ និង ដឹកជញ្ជូន។

អគ្គនាយកដ្ឋានពន្ធដារ មានជំនឿយ៉ាងមុតមាំថា ម្ចាស់រថយន្តចង្កូតស្ដាំគ្រប់ប្រភេទ នឹងរួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធតាមទីកន្លែង និងពេលវេលាដូចបានកំណត់៕

To Top