ភ្នំពេញ ៖ ក្រុមយុវជន បានទទូចសុំ ឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធ អនុវត្តន៍ ការហាមឃាត់ការចាប់ដៃ គូជាមួយក្រុមហ៊ុនថ្នាំជក់ ព្រោះថ្នាំជក់បានបំផ្លាញ សុខភាពអ្នកប្រើប្រាស់ប៉ះពាល់ ដល់បរិស្ថាន និងខាតបង់សេដ្ឋកិច្ចជាតិ ។

ការទទូចរបស់ក្រុមយុវជនបែបនេះ ធ្វើឡើងក្នុងកម្មវិធីប្រកួត និយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

កញ្ញា ហាក់ នីតា ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យសម្តេចឳសម្តេចម៉ែ ខេត្តរតនគិរី ដែលទទួលបាន ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួត និយាយសាធារណៈក្រោមប្រធានបទ «ហេតុអ្វីបានជាគ្រឹះស្ថានអប់រំ មិនត្រូវចាប់ដៃគូ ជាមួយក្រុមហ៊ុនថ្នាំជក់?» ដែលរៀបចំឡើង ដោយក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឱ្យដឹងថា គ្រឹះស្ថានសិក្សាគឺជាកន្លែងផ្តល់ចំណេះដឹង និងអប់រំយុវវជន គ្រប់ស្រទាប់វណ្ណៈ ហើយថ្នាំជក់បានបង្កផល វិបាកជាច្រើនដល់សង្គម និងសុខភាពសារណៈ ដូច្នេះ មិនត្រូវមានការចាប់ដៃគូជាមួយគ្នាឡើយ ទោះក្នុងរូបភាពណាក៏ដោយ។

លោក លី រតនា ជាម្ចាស់ជ័យលាភី លេខ៣ នៃការប្រគួតនោះ បានឱ្យដឹង ក្រុមហ៊ុនថ្នាំជក់ មានចេតនា ទាក់ទាញ ឲ្យមានការប្រើប្រាស់ថ្នាំជក់ តាមរយៈការផ្សាយពាណិជ្ជកម្មថ្នាំជក់ ការបង្កើតផលិតផលជំនាន់ថ្មី ដែលទាក់ទាញខ្លាំង ចំពោះយុវជន និងការធ្វើសកម្មភាព ឧបត្ថម្ភនានានិងបង្កើតទំនាក់ទំនងសាធារណៈក្នុងគ្រឹះស្ថានសិក្សា និង ស្ថាប័នដទៃទៀត ដើម្បីបិទបាំងពីផលអាក្រក់នៃការប្រើប្រាស់ថ្នាំជក់។

លោក ក៏បានទទូច សុំឲ្យគ្រប់ស្ថាប័ន ពាក់ព័ន្ធអនុវត្តការហាមឃាត់ ការចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់ ព្រោះថ្នាំជក់បានផ្តល់ ផលវិបាកជាច្រើន ដល់សុខភាពប្រជាជន បរិស្ថាន និងសេដ្ឋកិច្ចជាតិ។

យោងតាម Global Tobacco Industry Interference Index បាន ឱ្យ ដឹង ថាការជ្រៀតជ្រែក របស់ឧស្សាហកម្មថ្នាំជក់ មិនមែនកើតមានឡើង តែក្នុងគ្រឹះស្ថានសិក្សាប៉ុណ្ណោះទេ ។ ស្ថាប័នផ្សេងទៀតដូចជា ស្ថាប័នសុខាភិបាល សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសភាជាដើមក៏ជាគោលដៅ នៃការជ្រៀតជ្រែក របស់ឧស្សាហកម្មថ្នាំជក់ដែរ។

ភស្តុតាងវិទ្យាសាស្ត្រ បង្ហាញថា ល្បិចកលពីក្រោយសកម្មភាពឧបត្ថម្ភនានា របស់ក្រុមហ៊ុនថ្នាំជក់ គឺដើម្បីពង្រីកការផ្សព្វផ្សាយ ពាណិជ្ជកម្មនិង បង្ហាញកេរ្តិ៍ឈ្មោះ របស់ក្រុមហ៊ុនក្នុងសង្គម ដើម្បីអូសទាញ ការគាំទ្របិទបាំងផលប៉ះពាល់ នៃផលិតផលរបស់ខ្លួន និងបង្កើតឱកាសប្រឈមតតាំងទៅនឹង គោលនយោបាយជាតិស្តីពីការ ត្រួតពិនិត្យផលិតផលថ្នាំជក់ ៕





