ព័ត៌មានជាតិ

កម្ពុជា-ព្រុយណេ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ (Video)

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដារ៉ូស្សាឡាម បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពនៅក្នុងតំបន់ និងក្រៅតំបន់ ។

ការបញ្ជាក់បែបនេះធ្វើឡើង ក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីបញ្ហានានាពាក់ព័ន្ធទៅនឹងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ ក៏ដូចជាពិភាក្សាអំពីការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាពទ្វេភាគី ខណៈពេលដែលប្រទេសទាំងពីរ កំពុងប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងព្រុយណេដារ៉ូស្សាឡាម។

ក្នុងជំនួបនោះលោកដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ បានរំឭកឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹង របស់ប្រទេសព្រុយណេដារ៉ូស្សាឡាម ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា នៅក្នុងការដឹកនាំអាស៊ានឆ្លងកាត់ បញ្ហាប្រឈមធំៗជាច្រើន របស់ពិភពលោកនាពេលបច្ចុប្បន្ននេះ។

លោកបានចែករំលែកទស្សនៈ របស់លោកអំពីមធ្យោបាយដើម្បីពង្រឹងភាព ជាដៃគូសន្ទនារវាងអាស៊ាន និងចក្រភពអង់គ្លេស និងនូវែលសេឡង់ ដែលព្រុយណេដារ៉ូស្សាឡាម កំពុងដើរតួនាទីជាប្រទេស សម្របសម្រួលរបស់អាស៊ាន។ លោកក៏បានសម្ដែងនូវលើកទឹកចិត្ត យ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ របស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈជាប្រេសិតពិសេសរបស់ ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងបានចែករំលែកទស្សនៈ និងគំនិតរបស់លោកអំពីរបៀប ដែលអាស៊ានអាចជំរុញបន្ថែមទៀត នូវការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់មេដឹកនាំអាស៊ាន។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ ចំពោះការគាំទ្ររបស់ព្រុយណេដល់កម្ពុជា និងបានចែករំលែកទស្សនៈរបស់លោក លើបញ្ហាពហុភាគីផ្សេងៗ និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍រួមគ្នា។

លោករដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាផងដែរ អំពីទំនាក់ទំនងទ្វេភាគី និងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរក្នុងរយៈពេល បីទសវត្សរ៍កន្លងមកនេះ ដែល ត្រូវបានពង្រឹងជាបន្តបន្ទាប់ នៅលើវិស័យជាច្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិទាំងពីរ ៕

To Top