ពោធិសាត់៖ កម្លាំងចម្រុះ មានរដ្ឋបាលជលផលបាកាន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ កម្លាំងនគរបាលស្រុក នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានចុះប្រតិបត្តិការណ៍ បង្ក្រាបបទល្មើសជលផល ក្នុងរដូវបិទនេសាទ ស្ថិតនៅចំណុចព្រែកក្បាលតោល ដល់ចំណុចព្រែកសំពៅលួន ក្នុងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិសាត់។
ជាលទ្ធផលក្រុមចម្រុះបង្ក្រាបបាន របាំងសាច់អួន ១៥០០ម៉ែត្រ -របាំងស្បៃវែង ៤៥០ ម៉ែត្រ-ក្បាលប ១០ គ្រឿង-លូស្បៃមុង ៦ មាត់-បង្គោលឈើ ៤៥០ ដើម និង ចាក់លែងកូនត្រីចម្រុះចំនួន ៣០ គីឡូក្រាម ចូលទៅក្នុងទឹកទន្លេវិញ ។
នាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ បានអោយដឹងថា ដោយអនុវត្តន៍តាមមតិណែនាំ ចង្អុលការដ៍ខ្ពង់ខ្ពស់ ពីសំណាក់លោកឧត្តមសេនីយ៍ទោស ថេង ស្នងការនគរបាលខេត្តពោធិសាត់ និង បទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តពោធិសាត់ កម្លាំងរបស់លោកបាន និងកំពុងចុះឆ្មក់បង្ក្រាបនូវបទល្មើសនានា នៅក្នុងរដូវបិទនេសាទនេះដូចភ្លៀងរលឹម ដើម្បីភាពគង់វង្សនូវធនធានមច្ឆាជាតិចម្រុះ ដែលមាននៅក្នុងបឹងទន្លេសាប៕