ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម គាំទ្រ ឲ្យមានកិច្ចសហការ ដើម្បីព្យាបាលជំងឺប្រជាពលរដ្ឋ ដោយប្រើឱសថបុរាណចិន

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានគាំទ្រឲ្យមានកិច្ចសហការណាមួយ រវាងក្រុមហ៊ុន ខ្មែរហ្វឺស អុិនវេសមេន ហូលឌីង គ្រុប និងមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីអោយប្រជាពលរដ្ឋ បានព្យាបាលជំងឺ ដោយប្រើប្រាស់ ឱសថបុរាណចិន ។

កិច្ចគាំទ្រខាងលើនេះ លោកអភិបាលខេត្តបាន លើកឡើងនៅរសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ ក្នុងជំនួបពិភាក្សាជាមួយប្រតិភូក្រុមហ៊ុន ខ្មែរហ្វឺស អុិនវេសមេន ហូលឌីង គ្រុប ជួបសម្ដែងការគួរសម នៅសាលាខេត្តកំពង់ចាមដោយមានការចូលរួមពីសំណាក់ លោក វេជ្ជបណ្ឌិត ជា សំណាង នាយកខុទ្ទកាល័យ លោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ។

ទាក់ទងទៅនឹងកិច្ចពិភាក្សាខាងលើនេះដែរ អភិបាលខេត្តកំពង់ចាម បានសុំអនុញ្ញាតស្នើសុំទៅក្រសួងសុខាភិបាលជាមុនសិន ដោយហេតុថាមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម ជាអ្នកគ្រប់គ្រងបុគ្គលិក ប៉ុន្តែទាក់ទងទៅនឹងឱសថប្រើប្រាស់ គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងអនុញ្ញាតដោយក្រសួងសុខាភិបាល ។ ជាមួយគ្នានេះ ដើម្បីឱ្យដំណើរការនេះទៅដោយរលូន ខាងក្រុមហ៊ុន ជាមួយនឹងអាជ្ញាធរក្រុងកំពង់ចាម ត្រូវមានការសិក្សា ត្រួតពិនិត្យទៅលើទីតាំង និងការបំពាក់ឧបករណ៍សុខាភិបាល ដើម្បីពិនិត្យ និងព្យាបាលប្រភេទជម្ងឺអ្វីខ្លះ ជូនប្រជាពលរដ្ឋ របស់ពេទ្យជំនាញបុរាណចិន ។

សូមជម្រាបថា ក្រុមហ៊ុន ខ្មែរហ្វឺស អុិនវេសមេន ហូលឌីង គ្រុប បានសហការជាមួយក្រុមហ៊ុន Phnom Penh Wenyi Trading Co., Ltd បានបង្កើតមន្ទីរពេទ្យមិត្តភាពភ្នំពេញ (ឯកទេសឱសថបុរាណចិន) នៅរាជធានីភ្នំពេញ។ ហើយមន្ទីរពេទ្យមិត្តភាពភ្នំពេញមានបំណងធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកឱសថបុរាណជាមួយនឹងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីផ្ដល់សេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋឱសថបុរាណខ្មែរ និងចិន ឱ្យកាន់តែមានភាពសន្សំសំចៃ៕

To Top