ព័ត៌មានជាតិ

ឆមាសទី១ ទំហំនាំចេញ-ចូល របស់តំបន់ សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ កើនឡើងជិត៤០%

ភ្នំពេញ ៖ យោងតាមតួលេខ ដែលចេញផ្សាយ ដោយតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានឱ្យដឹងថា គិតត្រឹមរយៈពេលឆមាសទី១ ឆ្នាំ២០២២នេះ ទំហំនៃការនាំចូលនិងនាំចេញ សរុបរបស់ក្រុមហ៊ុន តំបន់ខាងលើនេះ មានចំនួន១៣៧៤លានដុល្លារ អាមេរិក កើនឡើង ៣៨.២៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ។ នេះបើយតាមស្ថានទូតចិនប្រចាំកម្ពុជា ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគំរូដ៏ល្អឥតខ្ចោះ នៃកិច្ចសហប្រតិបត្តិការ ជោគជ័យរួមក្រោមក្របខណ្ឌ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” តំបន់ខាងលើបានចូលរួម ផ្តល់ជាឱកាសការងារ យ៉ាងច្រើន បានក្លាយជាគំរូ និងមូលដ្ឋាន នៃការនាំចេញ ផលិតផលជាក្រុម ។
តំបន់សេដ្ឋកិច្ចពិសេសខាងលើ និងគម្រោង “ខ្សែក្រវាត់និងផ្លូវ” ផ្សេងទៀតដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជំរុញ អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងយុគសម័យ ក្រោយជំងឺកូវីដ១៩៕

To Top