ព័ត៌មានជាតិ

«សមិទ្ធផលថ្មីរួមបន្ថែមទៀត រវាងមូលនិធិមុទិតា និង ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានផុសឡើង ក្នុងទីរួមខេត្តកំពត»

ភ្នំពេញ ៖ចំណងមិត្តភាពដ៏ស្អិតល្មួតរវាងកម្ពុជា-ចិន បាននាំមកនូវសមិទ្ធផលថ្មីមួយទៀតជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ នេះជាសមិទ្ធផលរួមរវាងមូលនិធិមុទិតា និងស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈការសាងសង់នូវអគារសិក្សាចំនួន១ខ្នង  មាន ៤បន្ទប់ទំហំ៩ម x៣២ម ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាសម្តេចតា ភូមិ១ឧសភា សង្កាត់ កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត ។ 

អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសិក្សា សម្តេចឪ សម្តេចម៉ែ» សាងសង់ឡើងក្នុងកំឡុងខែមេសា បានរួចរាល់ជាស្ថាពរនៅក្នុងខែតុលាឆ្នាំ២០២០។ ដោយសារការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ទូទាំងប្រទេសជាង២ឆ្នាំកន្លងមកនេះ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការត្រូវបានលើកពេលជាបន្តបន្ទាប់រហូតមកដល់ព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២ នេះ។  សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាស្ថាបនិកមូលនិធិមុទិតា បានសព្វព្រះហឫទ័យយាងមកធ្វើពិធីសម្ពោធ  និងប្រគល់អគារសិក្សាថ្មីនេះ ជានិមិត្តរូប តំណាងឱ្យមូលនិធិមុទិតា និងស្ថានទូតចិន ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលទុកប្រើប្រាស់ជាថ្នាលបណ្ដុះចំណេះវិជ្ជាដល់កូនចៅនៅក្នុងសាលាបឋមសិក្សាសម្តេចតានេះ។ 

តាមរយៈរបាយការណ៍គណៈគ្រប់គ្រងសាលា បានឱ្យដឹងថា សាលាបឋមសិក្សាសម្តេចតា ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៩៩១ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។ ដោយកំណើនសិស្សានុសិស្សនៅក្នុងមូលដ្ឋាននេះ រីកកេីនឡើងជារៀងរាល់ឆ្នាំដូចនេះទើបគណៈគ្រប់គ្រងសាលា ធ្វើការស្នើសុំមកកាន់មូលនិធិមុទិតា នូវអគារសិក្សាចំនួន ១ខ្នងមាន ៤បន្ទប់ និងបន្ទប់ទឹក១ខ្នង ដើម្បីដោះស្រាយតម្រូវការខ្វះខាតជាក់ស្ដែងនៅទីនោះ។ 

ក្នុងឱកាសនៃការសម្ពោធនេះ សម្តេចរាជបុត្រីព្រះអនុជ បាននាំមកនូវព្រះរាជសវនីយ៍ផ្តាំសួរសុខទុក្ខ ព្រមទាំងព្រះរាជអំណោយដ៏ថ្លៃថ្លា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នូវ កាបូបស្ពាយប្រទានដល់ កុមារាកុមារីសិស្សានុសិស្ស និងសារុងព្រះរាជអំណោយ ព្រមទាំងព្រះរាជទ្រព្យ ជូនលោកគ្រូ អ្នកគ្រូ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ និងនាំយកសម្ភារៈសិក្សាមួយចំនួនទៀតដែលមូលនិធិមុទិតា ទទួលបានពីសប្បុរសជនទៅចែកជូនបន្តជាមួយគ្នាផងដែរ។ 

សូមបញ្ជាក់ជូនផងដែរថា សមិទ្ធផល រវាងមូលនិធិមុទិតា និងស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះជាសមិទ្ធផល ពុំមែនជាលើកទីមួយនោះទេ។ សមិទ្ធផលជាច្រើនផ្សេងទៀតបានកើតឡើងជាហូរហែក្រោមចំណងមិត្តភាពដ៏ល្អ រវាងមូលនិធិ និងស្ថានទូត ក្នុងវិស័យជាច្រើន រួមមាន អប់រំ សិល្បៈ និងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាលខេត្តផ្សេងៗទៀត មានជាអាទ៍ិ

-អគារសិក្សា១ខ្នង មាន ៤បន្ទប់ និងផ្ទះ១ខ្នង ជូនលោកគ្រូ អ្នកគ្រូ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាអន្លុងធំ ដែលបានផ្តូរមកជា សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ អន្លុងធំ នៅលេីខ្នងភ្នំគូលែន ខេត្តសៀមរាប សាងសង់រួចរាល់នៅឆ្នាំ ២០១៧ – ២០១៨ 

-បណ្ណាល័យ ១ ខ្នង នៅសាលាបឋមសិក្សាគីរីវង់ ខេត្តតាកែវ សាងសង់រួចរាល់នៅឆ្នាំ ២០១៩ 

យាងប្រទានកាត់ខ្សែបូដោយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល

ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះបរមរាជវាំង នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។ នាពេលខាងមុខនេះសមិទ្ធផលថ្មីជាបន្តបន្ទាប់នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ថែមទៀត ដូចជាស្ពាននៅក្នុងខេត្តបន្ទាយមានជ័យ និងអគារសិក្សាទី២នៅលេីខ្នងភ្នំគូលែន ខេត្តសៀមរាប៕

វិទ្យុជាតិកម្ពុជា

To Top