ព័ត៌មានជាតិ

គម្រោងអភិវឌ្ឍលំនៅឋាន ឡាម៉េហ្សុង ផ្លាហ្សា នឹងក្លាយជាជម្រើសថ្មីបន្ថែមទៀត សម្រាប់បំពេញតម្រូវការ ទីផ្សារអចលនទ្រព្យ

ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា វិស័យអចលនទ្រព្យ គឺជាជន្ទល់ដ៏សំខាន់មួយ នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ម្ល៉ោះហើយការសម្រេចចិត្ត វិនិយោគក្នុងវិស័យសំណង់លំនៅឋាន និងពាណិជ្ជកម្ម ពិតជាមានតម្រូវការខ្ពស់ ខណៈដែលគម្រោងអភិវឌ្ឍលំនៅឋាន ឡាម៉េហ្សុង ផ្លាហ្សា នឹងក្លាយជាជម្រើសថ្មីបន្ថែមទៀត សម្រាប់បំពេញតម្រូវការទីផ្សារអចលនទ្រព្យ ជូនដល់ពាណិជ្ជករ ធុរជន វិនិយោគគិន ជនបរទេស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរ ។

ការថ្លែងលើកឡើងខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមជាអធិបតី ពិធីបើកសម្ពោធគម្រោងអភិវឌ្ឍលំនៅឋាន ឡាម៉េហ្សុង ផ្លាហ្សា របស់ក្រុមហ៊ុន ខេមបេស្ទេត មេនេចម៉ិន ខូអិលធីឌី” នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ នាអាគារ ដឺព្រេមៀ សេនធ័រ សែនសុខ។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ថ្លែងក្នុងពិធីថា “ការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់ក្រុមហ៊ុនខេមបេស្ទេត មេនេចម៉ិន ខូអិលធីឌី និងក្រុមហ៊ុនដៃគូចំនួនពីរទៀត គឺក្រុមហ៊ុន PCD Group និងក្រុមហ៊ុន LCH Investment Group ដែលបានសហការ បណ្តាក់ទុនវិនិយោគ ក្នុងវិស័យអចលនទ្រព្យ និងសំណង់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលនេះពិតជាបានឆ្លុះបញ្ចាំង ឲ្យឃើញអំពីភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញការវិនិយោគ និងបង្កើតនូវកាល្លានុវត្តភាពផ្នែកធុរកិច្ច ជាពិសេសគឺការខិតខំបង្កើនជំនឿទុកចិត្ត ជូនដល់ពាណិជ្ជករ វិនិយោគគិន និងធុរជន សំដៅរួមចំណែកជំរុញ ឲ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍរាជធានីភ្នំពេញ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត” ។

លោកអភិបាលរងរាជធានីភ្នំពេញ បន្ថែមថា “ក្នុងរយៈពេល៤៣ឆ្នាំ កន្លងមកនេះ រាជធានីភ្នំពេញ បានផ្លាស់ប្តូរមុខមាត់ថ្មី យ៉ាងស្រស់បំព្រង ដោយទទួលបាននូវការកោតសរសើរ និងអបអរសាទរយ៉ាងក្រៃលែង ពីសំណាក់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ តាមរយៈការទទួលបាន នូវការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ហើយជាមួយគ្នានេះ រាជធានីភ្នំពេញ ដែលជាបណ្តុំនៃមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ ក៏បានទទួលនូវទំហំទុនវិនិយោគ យ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំងវិនិយោគក្នុងស្រុក និងវិនិយោគបរទេសផងដែរ” ។

បន្ថែមពីលើនេះ លោក កើត ឆែ បានសង្ឃឹមជឿជាក់ថា “គម្រោងអភិវឌ្ឍលំនៅឋាន ឡាម៉េហ្សុង ផ្លាហ្សា នឹងក្លាយជាជម្រើសថ្មីបន្ថែមទៀត សម្រាប់បំពេញតម្រូវការ ទីផ្សារអចលនទ្រព្យ ជូនដល់ពាណិជ្ជករ ធុរជន វិនិយោគគិន ជនបរទេស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរ ស្របពេលដែលប្រទេសជាតិយើង បានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច សង្គមពេញលេញឡើងវិញ លើគ្រប់វិស័យ” ។

នាឱកាសនោះដែរ លោក អេង លីឃ័ង អគ្គនាយកក្រុមហ៊ុនខេមបេស្ទេត មេនេចម៉ិន ខូអិលធីឌី និងជាម្ចាស់គម្រោងឡាម៉េហ្សុង ផ្លាហ្សា បានបង្ហាញនូវ ជំហរ និងប្រណិតភាពរបស់គម្រោងថា “ចក្ខុវិស័យរបស់គម្រោង គឺផ្តោតទៅលើការបង្កើត មណ្ឌលពាណិជ្ជកម្ម២៤ម៉ោង ក្នុង៧ថ្ងៃ ដែលប្រមូលផ្តុំដោយធុរកិច្ចចម្រុះ ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌទាំង៤ រួមមាន ខណ្ឌឬស្សីកែវ ខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វា ។ ជាពិសេសជាងនេះ គឺផ្តល់ឱកាសឲ្យធុរជន អាចធ្វើធុរកិច្ច និងរស់នៅក្នុងគេហដ្ឋានរបស់ខ្លួនឯងផ្ទាល់តែម្តង ដោយពុំចាំបាច់ចំណាយបន្ថែម លើកការជួលទីកន្លែងផ្សេងគ្នា” ។

គួរបញ្ជាក់ដែរថា គម្រោងឡាម៉េហ្សុង ផ្លាហ្សា មានទីតាំងស្ថិតនៅជាប់រង្វង់មូលអប្សរា មហាវិថីឈ្នះឈ្នះ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ។ ស្ថិតនៅភាគខាងជើង រាជធានីភ្នំពេញ មានហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រសើ ងាយស្រួលធ្វើចរាចរណ៍ រួមទាំងក្បែរស្ថាប័នរដ្ឋ សហគ្រាសឯកជន បុរីធំៗជាច្រើនកុះករ និងពហុកីឡដ្ឋានជាតិមរតកតេជោ ។ ឡាម៉េងហ្សុង ផ្លាហ្សា មានផ្លូវ ទីធ្លា និងកន្លែងចតយានយន្តទូលាយ មានផ្លូវថ្មើរជើង សួនច្បារ កន្លែងអង្គុយ និងបន្ទប់ទឹកសាធារណៈយ៉ាងល្អស្អាត នៅតាមដងផ្លូវនីមួយ មានដាំលម្អដោយដើមផ្កាអង្គាបុស្ស ដើម្បីបន្ថែមបរិយាកាសធម្មជាតិពណ៌បៃតង ផ្តល់អារម្មណ៍ស្រស់ស្រាយ សម្រាប់អ្នករស់នៅ៕

To Top