ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ១លានដុល្លារ ចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងប្រទេសកម្ពុជា។
តាមរយៈព្រះរាជសារលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្រី បានមានព្រះរាជបន្ទូលថា «ខ្ញុំ សូមចូលរួមជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នូវព្រះរាជទ្រព្យចំនួន ១.០០០.០០០ដុល្លារ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ខ្ញុំ សូមប្រសិទ្ធពរជ៏បវរ មហាប្រសើរ ជូនសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសមាជិក សមាជិកាដ៏ឧត្តុងឧត្តម នៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានមហាជោគជ័យថ្មីៗទៀត ក្នុងបេសកកម្មដ៏ថ្លៃថ្លា នូវប្រជាជាតិកម្ពុជា និងសូមបានប្រកបតែនឹងពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង»។
សូមរំលឹកថា ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ នៅទីតាំងអាងទឹកត្រពាំងថ្ម ក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោបានអំពាវនាវ ដល់សប្បុរសជននានា ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីននៅកម្ពុជា ៕