ភ្នំពេញ៖ ការបង្ហាញស្ថិតិប្រចាំសប្តាហ៍ថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន ២១៣.៥៩០នាក់ ក្នុងនោះភ្ញៀវជាតិ ១៩២.០៥០នាក់នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ២១.៥៤០នាក់។ នេះបើតាម ហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ នៅថ្ងៃចន្ទនេះ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
*ខេត្តព្រះសីហនុ ៣៣.១៧៤នាក់
*ខេត្តកំពត ៣១.៣២៣នាក់
*ខេត្តសៀមរាប ២៦.៧៤៣នាក់
*ខេត្តបាត់ដំបង ២០.៥១២នាក់
*រាជធានីភ្នំពេញ ១៨.០៩៨នាក់
*ខេត្តកណ្តាល ១៦.២៤៥នាក់
*ខេត្តកែប ១០.៥៣១នាក់
*ខេត្តពោធិ៍សាត់ ៨.៤៩២នាក់


គួរគូសបញ្ជាក់ថា តួលេខខាងលើ បានបន្តថមថយប្រមាណ ៥,៦៧% ធៀបនឹងសប្តាហ៍កន្លងមក។ អាកាសធាតុមិនអំណោយផលមានភ្លៀងធ្លាក់ច្រើន នៅគ្រប់រាជធានី-ខេត្ត ដែលបានធ្វើឱ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន។ ជាក់ស្តែងក្នុងសប្តាហ៍កន្លងមក ទឹកបានហូរកាត់លើកំណាត់ផ្លូវជាតិលេខ៥ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ហើយផ្លូវតភ្ជាប់ទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ក្នុងខេត្តកំពង់ឆ្នាំង ត្រូវហូរផ្តាច់ មិនអាចធ្វើដំណើរកើត។

បន្ថែមពីនេះ អាជ្ញាធររាជធានី-ខេត្ត បានជូនដំណឹង ក្រើនរំឮក និងចាត់វិធានការចាំបាច់នានា ដើម្បីគ្រប់គ្រងស្ថានភាពជំនន់ទឹកទៅតាមស្ថានភាពរៀងៗខ្លួន៕





