ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានរំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ ត្រូវរួសរាន់មកចុះបញ្ជី ខណៈការអនុញ្ញាតឱ្យចុះបញ្ជី នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ នាថ្ងៃទី២៥ កក្កដា នេះបានឱ្យដឹងថា បន្ទាប់ពីការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ដីពីការអនុញ្ញាតឱ្យប្រមូលពន្ធ និងអាករលើរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ដោយពុំតម្រូវឱ្យកែចង្កូត ម្ចាស់រថយន្តចង្កូតស្តាំគ្រប់ប្រភេទបានយករថយន្តគ្មានពន្ធរបស់ខ្លួន មកចុះបញ្ជីជាបន្តបន្ទាប់។
អគ្គនាយកដ្ឋានគយ បានឲ្យដឹងបន្ថែមថា គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ រថយន្តចង្កូតស្តាំចំនួន៤,៨៥៤គ្រឿងត្រូវបានយកមកចុះបញ្ជី ដែលក្នុងនោះមានរថយន្តមួយចំនួនបានបំពេញកាតព្វកិច្ចពន្ធនិងអាកររួចហើយ។
អគ្គនាយកដ្ឋានគយ បានបញ្ជាក់ថា “ដោយឱសានវាទកាន់តែជិតមកដល់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានរំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ជ្រាបថា ការអនុញ្ញាតឱ្យចុះបញ្ជីនេះនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។ ចំពោះរថយន្តដែលចុះបញ្ជីរួច នឹងត្រូវបានទុកពេលវេលាឱ្យម្ចាស់មកបង់ពន្ធនិងអាកររហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ ដោយឡែក រថយន្តដែលមិនបានចុះបញ្ជីក្នុងកាលបរិច្ឆេទកំណត់នេះ នឹងចាត់ទុកជារថយន្តគ្មានស្រាប់ក្នុងប្រទេស (ទើបរត់ពន្ធចូលមកថ្មី) ដែលជាមុខសញ្ញានៃការបង្ក្រាប និងរឹបអូសតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន”។
អគ្គនាយកដ្ឋានគយ ក៏បានអំពាវនាវជាលើកចុងក្រោយដល់អ្នកកាន់កាប់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ ឱ្យរួសរាន់មកចុះបញ្ជីនៅអង្គភាពគយនិងរដ្ឋាករដែលនៅជិតបំផុត យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីទទួលបានឱកាសក្នុងការបង់ពន្ធនិងអាករដោយមិនតម្រូវឱ្យកែចង្កូត និងពុំរងពិន័យ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។
លេីសពីនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានណែនាំម្ចាស់រថយន្ដគ្មានពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់រួសរាន់មកចុះបញ្ជី និងបំពេញកាតព្វកិច្ចពន្ធនិងអាករឱ្យបានទាន់ពេលវេលាកំណត់ដូចបានរំលឹកជូនខាងលើជាកំហិត៕