នយោបាយ

ប្រធានអាស៊ាន ៖ មីយ៉ាន់ម៉ា ប្រហារជីវិត សកម្មជនបក្ស ប្រឆាំង៤រូប មុនកិច្ចប្រជុំ រដ្ឋមន្រ្ដីការបរទេសអាស៊ាន លើកទី៥៥ ជាទង្វើមិនអាច អត់ឱនបាន (Video)

ភ្នំពេញ ៖ ប្រធានអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ សម្តែងការខកចិត្តយ៉ាងក្រៃលែង ចំពោះមេដឹកនាំយោធា មីយ៉ាន់ម៉ា លោក មីង ឡោអាំង លើការកាត់ទោសប្រហារជីវិតសកម្មជនបក្សប្រឆាំងចំនួន៤រូបដែលគាំទ្រលោកស្រី អោង សានស៊ូជី ហើយថា នេះគឺជាទង្វើ មិនអាចអត់ឱនបានឡើយ ដែលបានធ្វើឡើង មុនកិច្ចប្រជុំរដ្ឋមន្រ្ដីការ បរទេសអាស៊ាន លើកទី៥៥ ក្នុងខណៈកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅដើមខែសីហា ខាងមុខ ។ សម្រាប់កិច្ចប្រជុំនេះ មិនត្រូវបានអញ្ជើញភាគី មីយ៉ាន់ម៉ាឲ្យចូលរួមឡើយ ។

បើតាមសេចក្តីរាយការណ៍ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ដែលធ្វើឡើងនៅរាជធានីភ្នំពេញ គឺមានការចូលរួមពីប្រទេស ជាដៃគូចំនួន៣៨ ខណៈរដ្ឋមន្រ្តីការបរទេសមីយ៉ានម៉ា មិនត្រូវបានអនុញ្ញាតឲ្យចូលរួមទេ ដោយគ្រាន់តែឲ្យក្រុមការងារ របស់របបយោធាមីយ៉ាន់ម៉ា ចូលរួមស្តាប់តាមប្រព័ន្ធ អនឡាញប៉ុណ្ណោះ ។

ការកាត់ទោសប្រហារជីវិត លើរបស់មេដឹកនាំយោធាភូមានេះ ត្រូវបានលុបបំបាត់ចោលតាំងពីឆ្នាំ១៩៨៨មកម្ល៉េះ ទើបតែនៅឆ្នាំ២០២២នេះទេ ក្រោយមានរដ្ឋប្រហារ ជាងមួយឆ្នាំមក ការកាត់ទោសនេះ មានឡើងវិញ ក្រោមការដឹកនាំដោយលោក មីង ឡោអាំង ។ នេះបើតាមអង្គការ លើកលែងទោស អន្តរជាតិចេញផ្សាយ ។

ការប្រកាសកាត់ទោសអ្នកប្រឆាំង៤រូបនេះ បានធ្វើឲ្យបណ្តាប្រទេសមហាអំណាច ក្នុងពិភពលោក ជាច្រើនរួមទាំងអាមេរិក ជប៉ុន អង្គការសហប្រជាជាតិ និងអង្គការលើកលែងទោសអន្តរជាតិ ជាដើមបានចេញមកថ្កោលទោស ជាហូរហែរ ។

សកម្មជនបក្សប្រឆាំង ទាំង៤រូបនោះរួមមាន ៖ លោក ភ្យូ ហ្សេយ៉ាថរ អតីតសមាជិក មកពីគណបក្ស លោកស្រីអ៊ុងសាន ស៊ូជី , លោក ក្យរ មីនយូ អ្នកនិពន្ធ និងជាអតីតមេចលនា និស្សិតដ៏ល្បីខាងប្រឆាំងកងទ័ពភូមា , លោក ឡា មីយូអោង និងលោក អោង ធូរ៉ាហ្ស ។

ចំពោះការប្រកាសប្រហារជីវិតនេះ កាលពីដើមខែមិថុនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានស្នើសុំឲ្យពិចារណាឡើងវិញ លើសេចក្តីសម្រេចផ្ដន្ទាទោស លើជនទាំងនោះ ។

យោងតាមសេចក្តីថ្លែងការណ៍ របស់ប្រធានអាស៊ាន ស្តីពី ការប្រហារជីវិតសកម្មជនបក្សប្រឆាំង៤នាក់ នៅមីយ៉ាន់ម៉ា នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា “នេះ(បញ្ហានៅភូមា) ជាបញ្ហាដែលអាស៊ាន យកចិត្តទុកដាក់យ៉ាងខ្លាំង” ។

ប្រភពបន្តថា ខណៈមានការទទួលស្គាល់ នូវភាពស្មុគស្មាញនៃវិបត្ដិ ព្រមទាំងកំដៅទោសៈមោហៈផ្ទុះឡើង គ្រប់ទិសទីនៅមីយ៉ាន់ម៉ា អាស៊ានជារួមបានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ មានការអត់ទ្រាំ និង ភាពអត់ធ្មត់ជាអតិបរិមា ហើយខិតខំជៀសវាង មិនធ្វើឲ្យជម្លោះរីករាលដាល កាន់តែខ្លាំង ។

លិខិតដដែលបញ្ជាក់ថា “ការអនុវត្ដទោសប្រហារជីវិត តែមួយសប្ដាហ៍ មុនកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេស អាស៊ាន លើកទី៥៥ គឺជាទង្វើមិនអាចអត់ឱន បានធ្ងន់ធ្ងរ ណាស់ ព្រោះវាបានទាញ ថយក្រោយនូវវឌ្ឍនភាព និងថែមទាំងសបញ្ជាក់ច្បាស់ពីកង្វះឆន្ទៈគាំទ្រ កិច្ចខិតខំប្រឹងប្រែង ជាពិសេស របស់ប្រធានអាស៊ាន ក្នុងការជួយពន្លឿនវឌ្ឍនភាព នៃការអនុវត្ដកិច្ចព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច ពោលគឺការកសាងភាពជឿជាក់ និងទំនុកចិត្ដ ដើម្បីឲ្យធ្វើមានកិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ សំដៅបញ្ចប់អំពើហិង្សា និងសម្រាលទុក្ខវេទនារបស់ប្រជាជនស្លូតត្រង់”

ប្រភពបញ្ជាក់ទៀតថា អាស៊ាននៅតែប្រកាន់ខ្ជាប់គោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាលើកបន្ទរសំឡេងដ៏លើសលុប ក្នុងមជ្ឈដ្ឋានអាស៊ាន ក៏ដូចជាសហគមន៍អន្តរជាតិ ដែលជំរុញឲ្យអាជ្ញាធរទីក្រុងណៃពិដោ ចាត់វិធានការជាក់ស្តែង ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ។ “យើងសូមអំពាវនាវយ៉ាងខ្លាំងក្លា និងជាបន្ទាន់ដល់ភាគីទាំងអស់ ឲ្យជៀសវាងនូវសកម្មភាពទាំងឡាយណាដែលធ្វើឲ្យវិបត្តិនៅមីយ៉ាន់ម៉ាកាន់តែធ្លាក់ដុនដាប រារាំងដល់ការសន្ទនា ដោយសន្តិវិធីក្នុងចំណោមភាគី ពាក់ព័ន្ធទាំងអស់ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាព ទាំងនៅមីយ៉ាន់ម៉ា និងក្នុងតំបន់ទាំងមូល”។

អាស៊ាននៅតែតាំងចិត្តបន្តរិះរកវិធីសាស្រ្ត ជួយមីយ៉ាន់ម៉ា ឲ្យត្រឡប់ទៅរកប្រក្រតីភាព និងដំណើរការ កែប្រែទៅរកលទ្ធិ ប្រជាធិបតេយ្យ ហើយស្វែងរកដំណោះស្រាយ នយោបាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន តាមរយៈកិច្ចសន្ទនាប្រកប ដោយបរិយាប័ន្ន ដែលដឹកនាំដោយមីយ៉ាន់ម៉ា និងជារបស់មីយ៉ាន់ម៉ាខ្លួនឯង ស្របទៅតាមកិច្ចព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច និងធម្មនុញ្ញអាស៊ាន ៕

To Top