ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម នៅសណ្ឋាគារ ហៃយ៉ាត រីយេនស៊ី ភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ។
ក្នុងឱកាសនោះ លោកស្រីមានប្រសាសន៍ថា ឆ្នាំនេះ ជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៥៥ (២៤ មិថុនា ឆ្នាំ១៩៦៧-២៤ មិថុនា ឆ្នាំ២០២២) នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជានិងវៀតណាម និងជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាម២០២២។ ដើម្បីអបអរខួបខួបអនុស្សាវរីយ៍លើកទី៥៥នេះ ប្រទេសទាំងពីរបានរួមគ្នាធ្វើសកម្មភាពជាច្រើនរួមមានការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំខេត្ត សមាគមមិត្តភាព ការផ្ញើសារជូនពរនិងអបអរសាទរទៅវិញទៅមក ការផ្សព្វផ្សាយខ្លឹមសារស្តីអំពីទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម តាមប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញសង្គម។
ចំណែក លោកស្រី ហា ធីង៉ា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សកុម្មុយនីស្ត និងជាសមាជិការដ្ឋសភា ប្រធានសហព័ន្ធនារីវៀតណាម ក៏បានលើកឡើង អំពីវឌ្ឍនភាព របស់សមាគមនារី ដើម្បីសន្តិ ភាព និងអភិវឌ្ឍន៍សហព័ន្ធនារី វៀតណាម និងការពង្រឹង កិច្ចសហប្រតិបត្តិការ ទាំងក្នុងសកលលោក ក៏ដូចជា តំបន់ ជាពិសេស ក៏បានរិតបន្តឹងចំណងសាមគ្គីភាព របស់សមាគមនារី នៃប្រទេសទាំងពីឲ្យកាន់តែមានភាពរីកចម្រើន និងមានការអភិវឌ្ឍបន្ថែមទៀត ។
ភាគីទាំងពីរ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងចំនួន៣រួមមាន ៖កិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងសហព័ន្ធនារី វៀតណាមឆ្នាំ២០២២-២០២៧។ ការអនុវត្តគម្រោងផ្តល់ចង្ក្រានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាត រវាងសមាគមនារីកម្ពុជា ជាមួយក្រុមហ៊ុនអ៊ិនត្រាកូ (INTRACO) ។ កិច្ចព្រមព្រៀងសហប្រត្តិការ រវាងសាខាសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី និងសហព័ន្ធនារីវៀតណាមខេត្តដាក់ឡាក់ ដំណាក់កាលឆ្នាំ២០២២-២០២៧ ៕