កណ្ដាល៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា នគរបាលជាតិ ចាប់ពីថ្នាក់អគ្គនាយកចុះ ត្រូវតែទទួលវគ្គបណ្តុះបណ្តាល វិជ្ជាជីវៈនគរបាល បើមិនដូច្នេះទេគួរតែដើរចេញ ពីក្របខណ្ឌនគរបាល។
ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ សម្ដេច ស ខេង មានប្រសាសន៍សង្កត់ធ្ងន់ចំៗថា «គ្រប់មន្ត្រីប៉ូលីស ដែលមានតួនាទី ចាប់ពីអគ្គនាយកដ្ឋានចុះ គឺមិនទុកឲ្យនរណាម្នាក់ មិនបានរៀនសូត្រវិជ្ជាជីវៈនគរបាលនោះទេ ហើយបើនរណាមិនព្រមមករៀននោះ សូមដើរចេញពីនគរបាល»។
សម្ដេចបញ្ជាក់ថា ការអនុវត្តនេះត្រូវធ្វើឲ្យបានម៉ត់ចត់ ដោយពុំមានការយោគយល់ ផ្អែកលើមនោសញ្ចេតនា គឺត្រូវតែអនុវត្តផ្អែកទៅលើគោលការណ៍ ដែលបានរៀបចំ។ ក្នុងករណីមន្ត្រីមានការមមាញឹក ក្នុងការងារនៅអង្គភាព អាចរៀនព្រឹក ធ្វើការល្ងាចបានតាមភាពជាក់ស្តែង ក្នុងអង្គភាពរបស់ខ្លួន ។ ការធ្វើបែបនេះ ដើម្បីមន្ត្រីគ្រប់រូបអាចទទួលបាន ចំណេះដឹង និងបំពេញការងារ នៅតាមអង្គភាពបាន។
សម្តេចសង្កត់ធ្ងន់បន្ថែមថា ការងាររៀនសូត្រ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាលនេះ ពិតជាមានសារៈសំខាន់ ចំពោះការតែងតាំង និងការតម្លើងតួនាទី ឬការផ្ទេរក្របខណ្ឌផ្សេងៗ មកចូលក្របខណ្ឌនគរបាលជាតិនេះ ។ “ក្នុងករណីដែលមិនបានចូលរៀន វគ្គបណ្តុះបណ្តាលនេះ វាជាកំហុសរបស់យើង និងជាចំណុចដែលមិនត្រូវមើលរំលងនោះទេ” នេះជាការបន្ថែមរបស់សម្តេច៕